ព័ត៌មានទាន់ហេតុការណ៍៖

កក្រើកនៅខណ្ឌដង្កោ..!ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា-សង្កាត់អាណត្តិទី៥ លោក កែប ជុតិមា ដឹកនាំសមាជិក សមាជិកាដង្ហែក្បួនយ៉ាងអធិកអធម

ចែករំលែក៖

     ភ្នំពេញ ៖ លោក កែប ជុតិមា ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំសមាជិក សមាជិកាដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី៥ នៅគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ យ៉ាងអធិកអធម ។

    ឆ្លៀតក្នុងឱកាសនោះ លោក កែប ជុតិមា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាបក្សខណ្ឌដង្កោទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តចុះឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជាជូនដល់ប្រជាពលរដ្ឋ ។

    លោក កែប ជុតិមា បានបន្តថា ឈរលើមូលដ្ឋានស្នាដៃនិងសមិទ្ធផលជាច្រើន ដែលបានកសាងក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតំណាងឱ្យភាពរុងរឿង, ភាពត្រជាក់ត្រជំ រួបរួម ផ្សះផ្សាជាតិ និងការអភិវឌ្ឍរីកចម្រើន ដោយខុសផ្ទុយស្រឡះពីការធ្វើនយោបាយបែបប្រជាភិថុតិដែលនាំមកនូវសង្គ្រាមបែកបាក់, ការរើសអើង, ការបំផ្លិចបំផ្លាញ និងភាពអន់ថយដូចអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចមកហើយក្នុងប្រវត្តិអតីតកាលដ៏ជូរចត់។

     ជាមួយគ្នានោះ លោក កែប ជុតិមា ប្រធានក្រុមការងារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យពិនិត្យនិងរក្សាអត្ថសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតឱ្យបានល្អប្រសើរ។ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ត្រូវអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូប ទេវតាបាចផ្កាជាសញ្ញាសម្គាល់ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនិងថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ រួមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ។

    គួរបញ្ជាក់ថា៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានឱ្យដឹងថា រាជធានីភ្នំពេញមានចំនួនអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន៨៩៩.៦៨៨នាក់,ចំនួនការិយាល័យបោះឆ្នោតសរុបមាន២.១៩៧ការិយាល័យ,ចំនួនទីតាំងការិយាល័យបោះឆ្នោតមាន២៦៥ទីតាំង,ចំនួនការិយាល័យសង់រោងតាមផ្លូវ ឬទីសាធារណៈមាន ៦៨៩ការិយាល័យ,ចំនួនការិយាល័យទោលមានចំនួន៨សង្កាត់ មាន១៩ការិយាល័យ។

   គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ មានចំនួន១១គណបក្សសំរាប់ នៅរាជធានីភ្នំពេញក្នុងចំណោម១៧គណបក្សដែលបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេស ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖