ប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋខ្មែរបានបន្សល់ទុកនៅតាំងពីបុរាណកាលមក ដែលនេះជាប្រពៃណីឬទំនៀមទម្លាប់សម្រាប់ក្នុងមួយជីវិតម្នាក់ៗ ត្រូវការ ចង់បាននិងចង់រៀបពិធីនេះឱ្យបានសមស្រប សមរម្យ ទោះបីមានធនធានតិចក្តីច្រើនក្តី ព្រោះការសាងជីវិតឲ្យក្លាយជាប្ដីប្រពន្ធមានតែម្ដង។
យ៉ាងណា ចំពោះការរៀបចំអាពាហ៍ពិពាហ៍ដែលធ្វើឡើងឲ្យសមស្របតាមក្បួនប្រពៃណីខ្មែរយ៉ាងណានោះ មនុស្សមួយចំនួននៅមិនទាន់យល់អំពីការរៀបចំ ឬការប្រព្រឹត្តទៅនៃអាពាហ៍ពិពាហ៍តាមក្បួនខ្នាតទំនៀមទម្លាប់ខ្មែរបុរាណបន្សល់ទុកមកដល់សព្វថ្ងៃបែបណាខ្លះនៅឡើយទេ។
ដើម្បីស្វែងយល់នៃការរៀបអាពាហ៍ពិពាហ៍តាមក្បួនខ្នាតខ្មែរពីបុរាណបែបណានោះ យើងសូមលើកយកពិធីរៀបអាពាហ៍ពិពាហ៍តាមសៀវភៅមួយដែលមានចំណងជើងថា ” ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍” ដែលសៀវភៅនេះរៀបរៀងតាមក្បួនខ្នាតបុរាណដោយ ឧត្តមប្រីជា ចាប ពិន (និពន្ធបណ្ឌិត) អធិបតីក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៅពុទ្ធសាសនបណ្ឌិត្យ មកចែកជូនមិត្តអ្នកអានបានយល់និងស្គាល់អត្ថន័យនៃការរៀបអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋខ្មែរយើងបែបណាខ្លះ ? សៀវភៅនេះបោះពុម្ពផ្សាយនៅ ព.ស. ២៥០៨ គ.ស.១៩៦៥។
* យល់ដឹងពី ក្បួនទម្រង់ការ(អាពាហ៍ពិពាហ៍)
តាមប្រពៃណីនៅបស្ចឹមប្រទេស(ឥណ្ឌា) សម័យបុរាណ ពិធីមង្គលការកូនមានពីរយ៉ាង គឺ១ នាំកូនស្រីទៅរៀបការនៅផ្ទះខាងប្រុស ហៅ អាវហមង្គលនិងមួយទៀត នាំកូនប្រុសទៅរៀបការនៅផ្ទះខាងស្រីហៅថា វិវាហមង្គល ។
ឯប្រពៃណីខ្មែរ តែងនាំកូនប្រុសទៅរៀបការនៅផ្ទះខាងស្រីតែមួយយ៉ាង ជាទម្លាប់តាំងពីព្រេងនាយរៀងមក តែហៅគួបទាំងពីរយ៉ាងថា អាពាហ៍ពិពាហ៍មង្គល ។
ទីនេះ សូមពណ៌នាដោយពិស្តារ អំពីអាពាហ៍ពិពាហ៍មង្គល តាមក្បួនទម្រង់ការខ្មែរបូរាណដូចតទៅ÷
១- របៀបមើលសមពង្សឆ្នាំ
២- របៀបមើលសមពង្សធាតុ
៣- របៀបចែចូវ
៤- របៀបដណ្ដឹង
៥- របៀបជូនពេលវេលា
៦- របៀបបង្គាប់
៧- របៀបអាពាហ៍ពិពាហ៍មង្គល
៨- របៀបផ្សំដំណេក
* ពណ៌នាសេចក្តី
១-របៀបមើលសមពង្សឆ្នាំ
អ្នកគ្រប់គ្រងកូនកំលោះ កាលបើបានឃើញកូនក្រមុំរបស់ជនណាជាទីពេញចិត្តហើយ តែងសួររកថ្ងៃខែឆ្នាំកំណើតរបស់នាងនោះយកមកឲ្យហោរគន់គូរមើល ផ្សំនឹងថ្ងៃខែឆ្នាំកំណើតកូនប្រុសរបស់ខ្លួន បើផ្សំទៅហើយឃើញល្អ គេក៏គិតគូរចូលទៅស្ដីដណ្ដឹង។ចំណែកខាងអ្នកគ្រប់គ្រងកូនស្រីក៏ដូចគ្នា កាលបើមានជនណាមកដណ្ដឹងកូនស្រីរបស់ខ្លួន គេក៏យកថ្ងៃខែឆ្នាំកូនប្រុសនោះមកឲ្យហោរគន់គូរមើលដែរ។ បើឃើញថាល្អ ទើបគេឱ្យកូនក្រមុំ។របៀបគន់គូរមើលនោះ លោកហៅថា មើលសមពង្សឆ្នាំដូចខាងក្រោមនេះ÷
ឆ្នាំរបស់ខ្មែរមានឈ្មោះហៅតាមជាតិរបស់សត្វទាំង ១២ គឺ ជូត (កណ្តុរ)ឆ្លូវ(គោ)ខាល(ខ្លា)ថោះ(ទន្សាយ)រោង(នាគ)ម្សាញ់(ពស់)មមី(សេះ)មមែ(ពពែ)វក(ស្វា)រកា(មាន់)ច(ឆ្កែ)កុរ(ជ្រូក) ។
ក្នុងឆ្នាំទាំង ១២ នោះចែកចេញជាសមពង្សមានបីពួក ក្នុងមួយពួកមានបួនឆ្នាំ គឺអ្នកកើតឆ្នាំថោះ.កុរ.ឆ្លូវ.ម្សាញ់១ ពួកជាសមពង្សមនុស្ស។ អ្នកកើតឆ្នាំមមីមមែ.រោង.ជូត ១ ពួកជាសមពង្សទេវតា។ សមពង្សយក្ស អ្នកកើតឆ្នាំវក.ខាល.ច រកា មួយពួកជាសមពង្សយក្ស។
អ្នកដែលយកគ្នាជាប្ដីប្រពន្ធ លោកថា ត្រូវឲ្យមើលសមពង្សឆ្នាំ សមពង្សធាតុដើម ត្រូវរើសយកតែអ្នកដែលរួមសមពង្សជាមួយគ្នាឬដែលមិនត្រូវនឹងគ្នា ល្មមទូទាត់គ្នាបានដូចគួរឲ្យមើលតទៅនេះ÷
ឆ្នាំមមី.មមែ.ពង្សទេវតាស្រីឆ្នាំជូត.រោង.ពង្សទេវតាប្រុស ដូច្នេះនៅជាមួយគ្នាល្អណាស់ស្រឡាញ់គ្នាណាស់ និងមានកូនច្រើន។
ជូត និងមមី. ជូតនិងមមែ.រោងនិងមមី យ៉ាងនេះស្រឡាញ់គ្នាណាស់ មានកូនច្រើនបានសុខជានិច្ច។
ជូតនឹងរោងពង្សទេវតាប្រុសដូចគ្នាល្អ។ មមីនិងមមែពង្សទេវតាស្រីដូចគ្នា ជាមធ្យម។ ខាលនិង ច ពង្សយក្សស្រី រកា-វក ពង្សយក្សប្រុស នៅជាមួយគ្នាល្អដែរ មានកូនច្រើនតែច្រើនឈ្លោះប្រកែកគ្នា។ខាលនិងរកាល្អ។ខាលនិងវកមធ្យម។ ច និងរកាជាមធ្យម វកនិងចល្អណាស់។ ខាលនិងចច្រើនប្រកួតរិទ្ធីគ្នា។ រកានិងវកល្អ។
មមីនិងមមែពង្សទេវតាស្រី ឆ្លូវនិងម្សាញ់ពង្សមនុស្សប្រុស ដូច្នេះនៅជាមួយគ្នាល្អតែខាងដើម ដល់ចាស់ទៅច្រើនបែកគ្នា។ ឆ្លូវនិងមមីល្អណាស់។ ឆ្លូវនិងមមែល្អ។ ម្សាញ់និងមមី ចិត្តជាមួយគ្នា។ម្សាញ់និងមមែល្អណាស់។
ឆ្លូវនិងរោង ឆ្លូវនិងជូតពង្សមនុស្សប្រុសនៅជាមួយគ្នាច្រើនមិនសូវខ្លាចគ្នា។ ម្សាញ់និងរោង ម្សាញ់និងជូតអាក្រក់។
ថោះនិងកុរពង្សមនុស្សស្រី ជូតនិងរោងពង្សទេវតាប្រុស ជាមធ្យមមានព្រាត់គ្នាហើយជួបគ្នាវិញ។ថោះនិងមមី ថោះនិងមមែ អាក្រក់។ កុរនិងមមែអាក្រក់។ ថឋោះនិងកុរជាមធ្យម។
ខាលនិងច ពង្សយក្សស្រី ជូតនិងរោងពង្សទេវតាប្រុស ដូច្នេះនៅជាមួយគ្នាជាមធ្យម មិនសូវខ្លាចគ្នា។ ជូតនិងខាលល្អណាស់។ រោងនិងខាលអាក្រក់។ រោងនិងចមិនល្អ ចនិងមមី ចនិងមមែខាលនិងមមី ខាលនិងមមែ ៥យ៉ាងនេះ ពង្សទេវតាស្រីនិងយក្សស្រី មិនល្អ ច្រើនប្រចណ្ឌនឹងវិវាទគ្នា។
មមី និងមមែ ពង្សទេវតាស្រី រកានិងវកពង្សយក្សប្រុស នៅជាមួយគ្នាជាមធ្យម មានកូនតែច្រើនឈ្លោះគ្នា។ រកានិងមមីគ្រាន់បើ។វកនិងមមីជាកណ្ដាល។ រកានិងរោង រកានិងជូត វកនិងរោង វកនិងជូត ៤យ៉ាងនេះពង្សទេវតាប្រុស និងទេវតាស្រី មិនសូវល្អច្រើនប្រកួតឫទ្ធីគ្នា។
ថោះនិងកុរពង្សមនុស្សស្រី រកានិងវកពង្សយក្សប្រុស។ មនុស្សស្រី យក្សប្រុស នៅជាមួយគ្នាល្អតែដំបូង ដល់ចាស់ព្រាត់គ្នាមិនល្អ។ វកនិងថោះអាក្រក់។ វកនិងកុរគ្រាន់បើ។ រកានិងថោះគ្រាន់បើ។ រកានិងកុរ រកានិងឆ្លូវវកនិងឆ្លូវ វកនិងម្សាញ់ ៤ យ៉ាងនេះពង្សយក្សប្រុស និងមនុស្សប្រុសច្រើនវិវាទគ្នាញយៗមិនល្អ។
ខាលនិងច ពង្សយក្សស្រី ឆ្លូវនិងម្សាញ់ ពង្សមនុស្សប្រុស មនុស្សនិងយក្សស្រីជាមធ្យមល្អខាងដើមដល់ខាងចុងនឹងព្រាត់គ្នា។ ឆ្លូវនិងខាលល្អសមគួរ។ ឆ្លូវនិងច ជាកណ្ដាល។ ម្សាញ់និងខាលល្អ។ម្សាញ់និងច ជាបង្គួរ។ ខាលនិង កុរ ខាលនិងថោះ ចនិងកុរ ៤ យ៉ាងនេះពង្សយក្សស្រី និងមនុស្សស្រី មិនល្អ ច្រើនមានទោសនឹងគ្នា។ (នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត