ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃសៅរ៍ទី០៤ ខែមិថុនា ឆ្នាំ២០២២នេះថា៖ បំពង់ព្រះរាម ជាគុម្ភព្រឹក្សម្យ៉ាង វារលើដី ឬដុះតោងលើដើមជិតខាង មានចុងស្លឹករាងដូចបំពង់និងមានគម្របផង។
ដើមបំពង់ព្រះរាម នេះមានដើមញី និងឈ្មោលផ្សេងគ្នា ដោយដើមឈ្មោលច្រើនមានផ្កាវែង ជាងដើមញី។ មំសភក្សរុក្ខជាតិនេះមានដុះតែនៅប្រទេសកម្ពុជាយើងទេ ហើយវាត្រូវបានគេរកឃើញដំបូងនៅលើកំពូលភ្នំបូគោ ក្នុងឆ្នាំ ១៩០៤។
លោករដ្ឋមន្ត្រី បានថ្លែងបន្តថា នៅប្រទេសកម្ពុជាយើងសព្វថ្ងៃកំពុងមានការចាប់អារម្មណ៍ជាខ្លាំងនៅអំបូរផ្កាប្រភេទនេះ ព្រោះតែប្រជាជនទូទៅពុំដែលឃើញ និងរូបរាងរបស់វាមានលក្ខណៈប្លែកផងនោះ ពួកគេចាប់ផ្តើមបេះបោចនៅផ្កាទាំងនេះក្នុងលក្ខណៈជាការលេងសើចដោយពុំបានដឹងពីសារៈប្រយោជន៍របស់វាដែលមានដូចជា ៖
១.ទាក់ទាញសត្វល្អិតអោយមកធ្វើដំណើរលម្អងដល់រុក្ខជាតិនៅជិតខាងវា ។
២.ជួយបង្កើនជីវជាតិដល់ដីឬសរបស់វា និងដីនៅកន្លែងដែលវាដុះនោះក៏បានទទួលជីនេះដូចគ្នា ហើយវាអាចនិយាយបានដែរថា រុក្ខជាតិដែលនៅជិតខាងវានោះក៏រំពឹងជីដែលបានពីវាផងដែរ ដើម្បីបន្តការលូតលាស់។
៣.ទាក់ទាញទេសចរណ៍អោយមកទស្សនា ។
៤.ធ្វើជារុក្ខជាតិឱសថ ។
ដូចនេះសូមបងប្អូនមេត្តាកុំបេះបោចផ្ការបស់វាអី ព្រោះបើគ្មានផ្កា ក៏គ្មានទេសចរណ៍ ហើយបើគ្មានទេសចរណ៍ ប្រជាជនក៏គ្មានចំនូលដែរ៕
ដោយ៖សហការី