ព័ត៌មានទាន់ហេតុការណ៍៖

ក្នុង​រយៈពេល ៥​ខែដើមឆ្នាំ២០២២នេះ! កម្ពុជា​ការនាំចេញ​អង្ករ​កើន​ជិត ២២% និង​ទទួលបាន​ចំណូល​សរុប​ពី​ការនាំចេញ​ស្រូវ និង​អង្ករ​បាន​ចំនួន ៥៦៥,១៦លាន​ដុល្លារ​

ចែករំលែក៖

ភ្នំពេញ ​៖ នៅក្នុង​រយៈពេល ៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២ ដំណើរការ​នៃ​ការនាំចេញ​អង្ករ​កម្ពុ​ជាមាន​កំណើន​ប្រមាណ​ជាជាង​២២​ភាគរយ​។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ 

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​អះអាងថា​៖​ កម្ពុជា​ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ​២០២២នេះ​ ​បាន​នាំចេញ​អង្ករ​គ្រប់​ប្រភេទ​ទៅកាន់​ទីផ្សារ​អន្តរជាតិ តាមរយៈ​ក្រុមហ៊ុន​ចំនួន ៥៣​ក្រុមហ៊ុន បាន​អង្ករ​ចំនួន ២៨៣.៦៧៥ តោន ដែល​គិត​ជា​ទឹកប្រាក់ មាន​ចំនួន ១៧៣,៤៧ លាន​ដុល្លារ សហរដ្ឋអាមេរិក ដែល​ក្នុងនោះ មាន​ប្រទេស​ចិន រួមទាំង តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ បាន​ចំនួន ១៤៩.៤៤៧ តោន ឬ​ស្មើនឹង ៥២,៦៨% ដែលមាន កំណើន​ចំនួន ២៣,៦៨% បើ​ធៀប​ទៅនឹង រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១ ការនាំចេញ​ទៅកាន់ ប្រទេស​នានា​នៅក្នុង​ទ្វីប​អ៊ឺរ៉ុប ចំនួន ២៣​ប្រទេស បាន​ចំនួន ៨៨.១៦៧ តោន ឬ​ស្មើនឹង ៣១% មាន​កំណើន ចំនួន ៤៩,២៦% ការនាំចេញ​ទៅកាន់ ប្រទេស​ក្នុង​សមាជិក​អាស៊ាន ៤​ប្រទេស បាន​ចំនួន ២៥.៦៩១ តោន ឬ​ស្មើនឹង ៩,០៦% ដែលមាន​កំណើន​ចំនួន ១៧,៥៩% និង​ការនាំចេញ​ទៅកាន់​គោលដៅ​ផ្សេងៗ ចំនួន ២១​ប្រទេស​បាន​ចំនួន ២០.៣៧៦ តោន ឬ​ស្មើនឹង ៧,២០%​។​

​ជាមួយគ្នានោះ ​កម្ពុជា​ ក្នុង​រយៈពេល​៥​ខែ​នេះដែរបាន​នាំចេញ​ស្រូវ​សរុប​បាន​ចំនួន ១.៦៩៨.៩០៨ តោន ដែល គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៣៩១,៦៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អង្ករ គឺមាន​ការនាំចេញ អង្ករ​ក្រអូប គ្រប់​ប្រភេទ បាន​ចំនួន ៦៤,១០% អង្ក​រស ចំនួន ៣៣,១២% អង្ករ​ចំ​ហ៊ុយ​១,៤២% និង​អង្ករ​សរីរាង្គ​ចំនួន ១,៤២%​។​

សូមជម្រាបថា​ កម្ពុជា​ សម្រាប់​ខែឧសភា ឆ្នាំ​២០២២កន្លងទៅ​ថ្មីៗ​នេះ ​​បានធ្វើ​ការនាំចេញ​អង្ករ​បាន​ចំនួន ៦២.៥៣៧​តោន ដែលមាន​កំណើន ៥៤,២៨% បើ​ធៀប​ទៅនឹង​ខែឧសភា ឆ្នាំ​២០២១ ហើយ​បាន ធ្វើការ​នាំចេញ ស្រូវ​បាន​ចំនួន ៥០.១៦១ តោន​៕​

ដោយ​៖សហការី​


ចែករំលែក៖