ភ្នំពេញ៖ ដើម្បីឱ្យដំណើរការបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះប្រព្រឹត្តទៅដោយរលូន ក្រោមបរិយាកាសដ៏ល្អប្រសើរ ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា ដោយមិនមានការរំខានណាមួយដល់ពួកគាត់នោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេបញ្ជាការអាវុធហត្ថ រាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមមណ្ឌលបោះឆ្នោត។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានចេញបទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវតែបង្ក្រាបយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗចំពោះជនទាំងឡាយដែលបង្ករាល់សកម្មភាព និងបាតុភាពទាំងឡាយមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិត ការរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតជាដើម។
បើតាមរបាយការណ៍បញ្ជាក់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប បានឱ្យដឹងថា ប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលប្រជាមានពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ នេះ
សូមជម្រាបថា សម្រាប់ដំណើរការបោះឆ្នោត ដែលចាប់ដំណើរការនៅវេលាម៉ោង ៧ព្រឹករហូតដល់ម៉ោង ៣រសៀល កម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ សហការជាមួយអាជ្ញាធរតាមមូលដ្ឋានទាំងអស់ ត្រូវបានដាក់ពង្រាយដើម្បីការពារ សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមមណ្ឌលបោះឆ្នោត បើកផ្លូវឲ្យម្ចាស់ឆ្នោតអាចទៅបោះឆ្នោតបានល្អប្រសើរ ដោយមិនមានការរំខានណាមួយកើតឡើង។
ជាមួយនឹងវិធានការពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នេះ នាយឧត្តមសេនីយ៍ សៅ សុខា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា លោកបានដាក់បទបញ្ជារួចហើយ ដល់កម្លាំងអាវុធហត្ថទូទាំងប្រទេសឲ្យពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងចេញជួយអន្តរាគមន៍ភ្លាមៗ នៅពេលដែលមានករណីអ្វីមួយកើតឡើងនៅតាមមណ្ឌលបោះឆ្នោតទាំងនោះ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ជាមួយនឹងបទបញ្ជាដល់មេបញ្ជាការអាវុធហត្ថទូទាំងប្រទេសយ៉ាងដូច្នេះថា «ដើម្បីទប់ស្កាត់បាតុភាពណាមួយ ឬឧបាយកលណាមួយរំខានការបោះឆ្នោតនោះ ខ្ញុំសូមឲ្យលោកមេបញ្ជាការ អាវុធហត្ថគ្រប់រាជធានី-ខេត្ត ចាត់តាំងកម្លាំងសន្តិសុខតាមដាន ផ្ទៀងផ្ទាត់សភាពការណ៍ដែលបានទទួល និងរៀបចំត្រៀមកម្លាំង មធ្យោបាយអនុវត្តតាមផែនការដែលមាននៅក្នុងកម្មវិធីការងារ និងកម្មវិធីមុន និងក្រោយការ បោះឆ្នោត»។
លោកមេបញ្ជាការអាវុធហត្ថលេីផ្ទៃប្រទេសរូបនេះ ក៏បានព្រមានផងដែរថា៖ «ជនទាំងឡាយណាដែលរំខាន និងការបំពាបំពានច្បាប់ ត្រូវតែថតរាល់សកម្មភាពរបស់ពួកគេឲ្យបាន និងសហការជាមួយអាជ្ញាធរដែលមានការពាក់ព័ន្ធ ហើយអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះជនទាំងនោះ មិនមានការលើកលែងឲ្យឡើយ»។នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឱ្យមេបញ្ជាការអាវុធហត្ថទាំងអស់ ត្រូវអនុវត្តការណែនាំទាំងនេះឱ្យមានប្រសិទ្ធភាព រួចហើយត្រូវរាយការណ៍ពីសភាពការណ៍ លទ្ធផលការងារ ប្រតិបត្តិការ និងតួនាទីភារកិច្ចរបស់ខ្លួន មកលោកឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហ ប្រតិបត្តិការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅក្នុងដំណាក់កាលនេះ ពិសេសក្នុងការចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិត រារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន។
គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប។ គ.ជ.ប សង្ឃឹម និងជឿជាក់ថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ នឹងអនុវត្តតាមការអំពាវនាវនេះឱ្យមានប្រសិទ្ធភាព៕
ដោយ៖សហការី