ភ្នំពេញ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ធ្វើឡើងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ចាប់ផ្តើមដំណើរការនៅម៉ោង៧និង០០នាទីព្រឹក ហើយត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣រសៀល។ ដូចអ្វីដែលបានគ្រោងទុកការិយាល័យបោះឆ្នោតទូទាំងប្រទេសចំនួន ២៣,៦០២ការិយាល័យ បានបើកទ្វារបម្រើការបោះឆ្នោតហើយនៅវេលាម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ។
ដំណើរការបោះឆ្នោតត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ ដោយមានការរៀបចំបានយ៉ាងល្អពីមន្ត្រីរៀបចំការបោះឆ្នោត។ តាមមណ្ឌលបោះឆ្នោតនីមួយៗត្រូវបានរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងខ្ជាប់ខ្ជួនពីកម្លាំងសមត្ថកិច្ច។ ដោយឡែកប្រជាពលរដ្ឋជាអង្គបោះឆ្នោតបានចូលរួមបោះឆ្នោតដោយស្នាមញញឹម ដោយក្តីរីករាយតាមឆន្ទៈរបស់ខ្លួន ដែលពួកគាត់បានទៅចាំយ៉ាងត្រៀបត្រាមុនម៉ោងកំណត់ ជាមួយនឹងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពលើពីសមត្ថកិច្ច ដោយយកចិត្តទុកដាក់បំផុត។
ជាមួយនឹងការបើកដំណើរការបោះឆ្នោតនេះ គេបានសង្កេតឃើញថា ឥស្សរជនជាន់ខ្ពស់ដែលជាថ្នាកដឹកនាំជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក៏បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅតាមការិយាល័យ ដែលបានចុះឈ្មោះផងដែរ។
សូមបញ្ជាក់ថា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ២៣១ ក្នុងវិទ្យាល័យវត្តកោះ រាជធានីភ្នំពេញ, សម្តេចពញាចក្រី ហេង សំរិន អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ៧៣២ ក្នុងវិទ្យាល័យអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម អញ្ជើញទៅបោះឆ្នោតនៅការិយាល័យ១៦៩៧ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញបោះឆ្នោតនៅការិយាល័យលេខ៥០៣ ក្នុងវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ៥៩០ ក្នុងវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។
ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕
ដោយ ៖ សហការី