ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល

ចែករំលែក៖

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦  ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។

 សូមបញ្ជាក់ថា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ២៣១ ក្នុងវិទ្យាល័យវត្តកោះ រាជធានីភ្នំពេញ, សម្តេចពញាចក្រី ហេង សំរិន អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ៧៣២ ក្នុងវិទ្យាល័យអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម អញ្ជើញទៅបោះឆ្នោតនៅការិយាល័យ១៦៩៧ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញបោះឆ្នោតនៅការិយាល័យលេខ៥០៣ ក្នុងវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ៥៩០ ក្នុងវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់។ 

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋប្រើសិទ្ធិអំណាចរបស់ខ្លួនជ្រើសរើសមេឃុំ ឬចៅសង្កាត់ ព្រមទាំងក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដែលជាក្បាលម៉ាស៊ីនដឹកនាំនៅតាមឃុំ/សង្កាត់ ដែលពួកគេកំពុងរស់នៅ។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាការបោះឆ្នោតសំខាន់ទី២ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាអ្នកដឹកនាំថ្នាក់មូលដ្ឋាន ដែលទទួលអំណាចពីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាឃុំ/សង្កាត់ តាមឃុំ/សង្កាត់នីមួយៗមានសមាជិកពី ៥ ដល់ ១១នាក់ ដែលសមាមាត្រទៅនឹងចំនួនប្រជាជននៅក្នុងតាមឃុំ/សង្កាត់។ ក្រុមប្រឹក្សាឃុំ/សង្កាត់ ដឹកនាំដោយប្រធានមួយរូបដែលត្រូវបានជ្រើសរើសចេញ ពីគណបក្សដែលទទួលបានសំឡេងគាំទ្រពីប្រជាជនច្រើនជាងគេ។

ការបង្កើតឱ្យមានក្រុមប្រឹក្សាឃុំ/សង្កាត់ តាមរយៈការបោះឆ្នោតជាសាកល គឺជារបត់នយោបាយដ៏សំខាន់មួយនៅកម្ពុជា។ សំខាន់នៅត្រង់ថា អាជ្ញាធរមូលដ្ឋានជាអ្នកដឹកនាំផ្ទាល់ និងនៅកៀកប្រជាពលរដ្ឋនោះ ធ្លាប់តែទទួលការតែងតាំងពីថ្នាក់លើ។ ប៉ុន្តែរយៈពេល៤អាណត្តិហើយ ក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសដោយផ្ទាល់។

តាមរយៈការបោះឆ្នោតនេះ មន្ត្រីឃុំ/សង្កាត់ ត្រូវតែបង្ហាញការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋឱ្យបានច្រើន បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រជាពលរដ្ឋទម្លាក់ចេញពីអំណាចតាមរយៈសន្លឹកឆ្នោត៥ឆ្នាំម្តង។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានធ្វើឡើងជាសកល ដូចទៅនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រផងដែរ។ ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០២ ដោយរាប់ថាអាណត្តិទី១។ ចាប់តាំងពីឆ្នាំ២០០២មក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្តង។

បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអ្នកឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវបានជ្រើសមកពីគណបក្សនយោបាយ ដែលបានចុះបញ្ជីចូលរួមបោះឆ្នោតជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ ក៏ត្រូវបានចុះបញ្ជីឈ្មោះជាមួយ គ.ជ.ប ផងដែរ។

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា សម្ភារៈ និងបរិក្ខាបម្រើឱ្យការបោះឆ្នោត ត្រូវបានដឹកទៅដល់ឃុំ/សង្កាត់ទាំង ១,៦៥២រួចរាល់ហើយ។ ក្នុងនោះមានការិយាល័យបោះឆ្នោតមួយនៅក្នុងខេត្តក្រចេះ ត្រូវបានប្រើឧទ្ធម្ភាគចក្រដឹកសម្ភារៈ បរិក្ខាបម្រើការបោះឆ្នោត ព្រោះការិយាល័យនោះមានចម្ងាយឆ្ងាយ ហើយផ្លូវពិបាកធ្វើដំណើរ។

ទីបំផុត ! ដំណើរការបោះឆ្នោត ធ្វើតាមពេលកំណត់ ចាប់ផ្ដើមនៅម៉ោង៧និង០០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងបញ្ចប់នៅ៣រសៀល ៕

ដោយ ៖ សិលា


ចែករំលែក៖