ព័ត៌មានទាន់ហេតុការណ៍៖

ការបោះឆ្នោតប្រជាធិបតេយ្យកូរ៉េខាងត្បូង និងកម្ពុជា មានលក្ខណៈស្រដៀងគ្នា,នេះបេី​តាមការបញ្ជាក់ពី​អ្នកសង្កេតការណ៍ជនជាតិកូរ៉េខាងត្បូង

ចែករំលែក៖

ភ្នំពេញ៖ លោក យុន យ៉ុង ហូ (Yun Young Ho) អគ្គនាយក នៃអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) ដែលជាជនជាតិកូរ៉េខាងត្បូង បាននិយាយថា តាមរយៈការបោះឆ្នោត គឺប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង និងកម្ពុជា មានលក្ខណៈស្រដៀងគ្នា។ការថ្លែងបែបនេះ​របស់​ លោក យុន យ៉ុង ហូ ក្នុងសន្និសីទនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីបង្ហាញពីលទ្ធផលនៃការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ​ ក្រោយបានចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ របស់កម្ពុជារួចមក។ 

លោក យុន យ៉ុង ហូ បានគូសបញ្ជាក់ថា៖ ប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង និងកម្ពុជា មានលក្ខណៈស្រដៀងគ្នា ត្រង់ចំនួន២ចំណុច គឺការប្រើប្រាស់ទឹកខ្មៅលាងមិនជ្រះក្រោយការបោះឆ្នោត និង ការរៀបចំបោះឆ្នោតប្រៀបបីដូចជាពិធីបុណ្យមួយដែលធ្វើឲ្យប្រជាពលរដ្ឋ ចង់ទៅចូលរួមបោះឆ្នោត។

អ្នកសង្កេតការណ៍ជនជាតិកូរ៉េខាងត្បូងរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖​ «តាមពិតទៅប្រជាធិបតេយ្យកម្ពុជា និងកូរ៉េ បើមើលទៅមានសភាពស្រដៀងគ្នា។ អញ្ចឹងនេះជាអ្វី ដែលខ្ញុំបានឃើញជាក់ស្តែង នូវប្រជាធិបតេយ្យនៅកម្ពុជា ពេលខ្ញុំចូលរួមបំពេញភារកិច្ច។ ចំណុចស្រដៀងគ្នា គឺមាន ២ រួមមាន ទីមួយមានប្រើទឹកពណ៌ខ្មៅ ដែលលុបមិនជ្រះពីដៃ ក្រោយប្រជាពលរដ្ឋបោះឆ្នោត គាត់ជ្រលក់ចង្អុលដៃ។ ខ្ញុំធ្លាប់មានបទពិសោធន៍ នៅអាហ្វ្រិក អាមេរិក និងអឺរ៉ុប ជាដើម ក៏ប៉ុន្តែនេះជារបៀបមួយ នៃការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជាសញ្ញាណសម្គាល់ ដែលពលរដ្ឋបានបោះឆ្នោត។ ចំណុចមួយទៀត ខ្ញុំឃើញមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត វាប្រៀបបីដូចជា ពិធីបុណ្យមួយ មានជំរុញពលរដ្ឋឲ្យមានភាពសប្បាយរីករាយ ក្នុងការបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំរបស់ពួកគេ»។

ក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើង នៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញនេះដែរ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងប្រទេសកម្ពុជា ដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។

ការបោះឆ្នោតនេះមានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕

ដោយ​៖សហការី​


ចែករំលែក៖