ថ្មីៗនេះកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលជាច្រើនដើមក្នុងពេលអាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់ការធ្វើសមយុទ្ធ។ សកម្មភាពរបស់កូរ៉េខាងជើងត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បញ្ជាក់ថា ជាការគំរាមកំហែងដល់ពិភពលោកទាំងមូល ។
ឳសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២ បានដកស្រង់ការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ដែលបាននិយាយនៅថ្ងៃទី៦ខែមិថុនាថា កម្មវិធីមីស៉ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានឈានដល់កម្រិតមួយបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងពិភពលោកទាំងមូល។
ការអត្ថាធិប្បាយខាងលើរបស់ លោក យូន បានធ្វើឡើងនៅក្នុងការប្រារព្ធទិវាចងចាំ Memorial Day គឺមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន៨គ្រាប់ដែលជាការសាកល្បងដ៏ធំបំផុតរបស់ខ្លួន ខណៈដែលមន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលនាពេលថ្មីៗនេះ ក៏បានព្រមានផងដែរថា កូរ៉េខាងជើងហាក់បីដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក។
កូរ៉េខាងជើងបានបាញ់មីស៉ីលផ្លោងរយៈចម្ងាយខ្លី ឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ពួកគេ ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកមួយគ្រឿង ក្នុងរយៈពេលជាង៤ឆ្នាំមកនេះ។ ដោយឡែកនៅថ្ងៃចន្ទនេះដែរ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើតេស្ដបាញ់មីស៊ីល៨គ្រាប់ដូចគ្នា ជាការឆ្លើយតបទៅនឹងការធ្វើតេស្ដមីស៊ីល៨គ្រាប់របស់កូរ៉េខាងជើង៕
ដោយ៖ ធីរីណា(រូបថត ៖ YONHAP NEWS)