ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ៖ ក្មេងប្រុសអាយុ២ឆ្នាំយកកាំភ្លើងលេងបាញ់ចំឪពុកស្លាប់ តើជាកំហុសអ្នកណា?

ចែករំលែក៖

សេរីភាពនៅក្នុងការប្រើប្រាស់កាំភ្លើងនៅអាមេរិក គឺជាដើមហេតុបង្កឱ្យមានសោកនាដកម្មជាច្រើន ដោយក្មេងៗក៏ហ៊ានយកកាំភ្លើងទៅសាលារៀនបាញ់ប្រហារមិត្តភក្តិពេលខឹងដែរ…។ ក្នុងពេលនេះ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ក៏បានយកកាំភ្លើងឪពុកលេង ហើយចៃដន្យបានបាញ់សម្លាប់ឪពុកខ្លួនឯងតែម្តង។

នៅថ្ងៃទី៦ ខែមិថុនា ក្មេងប្រុសអាយុ២ឆ្នាំឈ្មោះ Reggie Mabry បានឃើញកាំភ្លើងរបស់ឪពុក នៅក្នុងចង្កេះក៏ទាញយកមកលេង ហើយបាញ់សម្លាប់ឪពុកតែម្តង។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុងស្រុក Orange រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
ភរិយាជនរងគ្រោះនិងជាម្តាយរបស់កុមារាបានខិតខំជួយស្វាមីតែមិនអាចជួយសង្គ្រោះបានដោយស្លាប់នៅក្នុងមន្ទីរពេទ្យ។
ពេលដំបូងប៉ូលិសនិយាយថាជាការធ្វើអត្តឃាត ប៉ុន្តែកូនច្បងអាយុ៥ឆ្នាំបានប្រាប់កម្លាំងប៉ូលិសថា ប្អូនប្រុសអាយុ២ឆ្នាំជាអ្នកយកកាំភ្លើងលេងហើយបាញ់ចំឪពុក។

លោក John Mina ស្នងការប៉ូលិសស្រុក Orange បានឱ្យដឹងថា «កាំភ្លើងគឺត្រូវតែរក្សាទុកនៅកន្លែងសុវត្ថិភាពបំផុតឱ្យផុតពីដៃកូនក្មេង ។ បើធ្វេសប្រហែសបន្តិចនឹងក្លាយជាសោកនាដកម្មដល់គ្រួសារអ្នកប្រើប្រាស់កាំភ្លើង ដោយពេលក្មេងបានកាំភ្លើងក្នុងដៃ នឹងបាញ់សំដៅទៅលើមនុស្សជាមិនខាន»។
ពេលថ្មីៗនេះ អាមេរិកមានករណីបាញ់ប្រហារជាច្រើនលើក បានសម្លាប់មនុស្សជាច្រើន ដោយនៅថ្ងៃទី១ខែមិថុនា មានករណីបាញ់ប្រហារនៅមន្ទីរសុខាភិបាលសម្លាប់មនុស្ស៤នាក់ ។ នៅថ្ងៃទី ២៤ខែឧសភា បាញ់ប្រហារនៅសាលាបឋមសិក្សា Robb រដ្ឋតិចសាស់សម្លាប់មនុស្ស១៩នាក់ និងនៅថ្ងៃទី១៤ខែឧសភា មានករណី
បាញ៉ប្រហារសម្លាប់មនុស្ស ១៣នាក់ នៅទីក្រុងញូវយ៉ក៕

ដោយ៖ ធីរីណា(រូបថត​ ៖​ TNS)


ចែករំលែក៖