ភ្នំពេញ ៖ កាលពីសប្តាហ៍មុនក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា បានរកឃើញពីល្បិចកលថ្មីដែលជនខិលខូចបានតេទៅអ្នកប្រើប្រាស់ហើយបញ្ចុះបញ្ចូលពួកគេឱ្យចុចបញ្ចូលលេខមួយចំនួនដើម្បីប្រើមុខងារ call forwarding ដែលមានជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ។ ប្រសិនបើជនរងគ្រោះបានលង់ជាមួយនឹងការបោកបញ្ឆោតនេះ វាអាចឱ្យជនខិលខូចស្នើសុំលេខកូដ OTP ដើម្បីចូលទៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គម WhatsApp។ នេះបើយោងតាមការបញ្ជាក់ពី អង្គភាពនាយកដ្ឋាននគរបាលបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ។
អង្គភាពនាយកដ្ឋាននគរបាលបច្ចេកវិទ្យា បានគូសបញ្ជាក់ថា, ដើម្បីចៀសវាងពីការបោកបញ្ឆោតនេះអ្នកប្រើប្រាស់គួរតែកុំចុចបញ្ចូលលេខ នៅពេលដែលមានការស្នើសុំពីជនអនាមិកដែលបានតេចូល។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកប្រើប្រាស់គិតថាទូរសព្ទរបស់ពួកគេកំពុងតែប្រើសេវាកម្ម call forwarding ដែលពុំបានស្នើសុំ ពួកគេគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដើម្បីផ្ដាច់សេវាកម្មនេះ។ គួរបញ្ជាក់ផងដែរថា ដើម្បីឱ្យការបោកបញ្ឆោតនេះអាចដំណើរការបាន ក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទ ឬអ្នកប្រើប្រាស់ត្រូវតែមានបើកមុខងារ call forwarding សម្រាប់ការតេចូលទាំងអស់ ព្រោះពេលខ្លះទៀតមុខងារនេះគឺសម្រាប់តែប្រើក្នុងករណីដែលទូរសព្ទរបស់អ្នកប្រើប្រាស់កំពុងតែជាប់រវល់ប៉ុណ្ណោះ។
ដោយមើលឃើញពីភាពចន្លោះប្រហោងក្នុងការប្រើប្រាស់ប្រព័ន្ធទូរសព្ទដើម្បីបញ្ជាក់អត្តសញ្ញាណជាមួយប្រព័ន្ធ 2FA ដូច្នេះហើយបានជានាយកដ្ឋានតែងតែធ្វើការណែនាំឱ្យអ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដែលមានផ្ទុកឯកសារសំខាន់ៗ និងជាពិសេសអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ គួរតែប្រើកូនសោសុវត្ថិភាព USB/NFC (security keys) ជាមួយប្រព័ន្ធ 2FA ដើម្បីការពារគណនីរបស់អតិថិជន ក៏ដូចជាឯកសាររបស់ពួកគេផ្ទាល់៕
ដោយ ៖ សហការី