ខេត្តកែប ៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាករនិងគ្រូបង្វឹក ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកែប ដែលមានលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត ជាប្រធានក្លឹប។
ពិធីសំណេះសំណាលធ្វើឡើងមុនពេលចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីលានកីឡាបាល់ទះវិសាខា នៃកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមកីឡាករ និងគ្រូបង្វឹកឲ្យយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត និងបានឧបត្ថម្ភថវិកាចំនួន៥លានរៀល។ ទន្ទឹមនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូន លោកអភិបាលខេត្ត ផងដែរ៕
ដោយ៖ចន្ទ លីហ្សា