ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែធ្ងន់សង្គ្រាម ! អ៊ីស្រាអែលបញ្ចេញយន្តហោះចម្បាំង ២០០គ្រឿងវាយលុកអ៊ីរ៉ង់

ចែករំលែក៖

អន្តរជាតិ ៖ បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានប្រើប្រាស់យន្តហោះចម្បាំងចំនួន ២០០គ្រឿងបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ។

ប្រភពពីសារព័ត៌មាន CNN ដដែលថា ៖ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Effie Defrin បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា គោលដៅជាង ១០០ទីតាំងត្រូវបានវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយថា ទីតាំងគ្រាប់បែកផ្សេងៗជាង ៣៣០ទីតាំងត្រូវបានវាយបំផ្លាញរួចហើយ។

លោក Defrin បានគូសបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាផ្នែកនៃប្រតិបត្តិការច្បាស់លាស់ និងស៊ីសង្វាក់គ្នា ហើយអ្នកបើកយន្តហោះរបស់អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើគោលដៅយោធា និងគោលដៅសម្រាប់កម្មវិធីនុយក្លេអ៊ែរនៅទូទាំងតំបន់ផ្សេងៗគ្នាក្នុងប្រទេសអ៊ីរ៉ង់។

អុីស្រាអែល នៅថ្ងៃទី១៣ ខែមិថុនា បានវាយប្រហារលើអ៊ីរ៉ង់ ដោយផ្តោតលើរោងចក្រនុយក្លេអ៊ែរ និងទីតាំងយោធា។ ក្នុងប្រតិបត្តិការនេះ អុីស្រាអែលបានសម្លាប់មេបញ្ជាការឆ្មាំបដិវត្តន៍អុីរ៉ង់ លោក Hossein Salami ផងដែរ។

ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា កាន់តែក្តៅឡើង បន្ទាប់ពីអុីស្រាអែល នៅថ្ងៃទី១៣ ខែមិថុនា បានវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ និងទីតាំងយោធា លើអ៊ីរ៉ង់ ដែលបានត្រៀមសមត្ថភាពការពារអាកាសរហូតដល់ ១០០ភាគរយ។

«ប្រតិបត្តិការនេះ នឹងបន្តជាច្រើនថ្ងៃរហូតដល់ការគំរាមកំហែងត្រូវបានបំផ្លាញអស់»។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៣ ខែមិថុនា ស្របពេលលោក Israel Katz ប្រមុខការពារជាតិអុីស្រាអែល បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ក្រោមហេតុផលអ៊ីរ៉ង់ អាចបើកការវាយប្រហារ ៕ 

ដោយ ៖ សិលា


ចែករំលែក៖