អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៦ខែមិថុនាថា អាមេរិកបានប្រកាសថានឹងបន្តផ្តល់ជំនួយយោធាទៅឱ្យប្រទេសអ៊ុយក្រែនទៀត ។
លោកស្រី Karine Jean-Pierre បញ្ជាក់ទៀតថា «រុស្ស៊ី នឹងបន្តទទួលបានលទ្ធផលល្អនៅក្នុងប្រទេសអ៊ុយក្រែន ទាំងនោះហើយទើបយើងសម្រេច ផ្តល់អាវុធបន្ថែមទៅឱ្យអ៊ុយក្រែន ដើម្បីរារាំងសកម្មភាពរបស់រុស្ស៊ី»។
ក្នុងពេលនេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា នៅពេលដែលបណ្តាប្រទេសលោកខាងលិចកាន់តែផ្តល់អាវុធទៅឱ្យអ៊ុយក្រែននោះ រុស្ស៊ីនឹងបង្កើនការវាយប្រហារ ឱ្យកាន់តែខ្លាំង។
ទន្ទឹមនឹងនេះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃទី៦ខែមិថុនាបាននិយាយថា ចក្រភពអង់គ្លេសបានផ្ដល់អាវុធដែលទីក្រុងកៀវត្រូវការជាចាំបាច់ដើម្បីប្រយុទ្ធក្នុងសង្រ្គាមជាមួយរុស្ស៉ី ហើយក៏បានអរគុណដល់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុនផងដែរសម្រាប់ការបំពេញតាមការចង់បានរបស់អ៊ុយក្រែននេះ។
ការលើកឡើងខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើង បន្ទាប់ពីចក្រភពអង់គ្លេសបានប្រកាសបញ្ជូនប្រព័ន្ធមីស៊ីលដែលអាចបាញ់បានចម្ងាយ៨០គីឡូម៉ែត្រ ឱ្យអ៊ុយក្រែន ដែលជាផ្នែកមួយនៃកិច្ចសម្របសម្រួលជាមួយសហរដ្ឋអាមេរិកដែលទើបតែប្រកាសផ្ដល់ប្រព័ន្ធមីស៊ីលបែបនេះឱ្យទីក្រុងកៀវភ្ជាប់ជាមួយលក្ខខណ្ឌហាមបាញ់ចូលទឹកដីរុស្ស៉ី។
បច្ចុប្បន្នទាហានរុស្ស៉ី និងអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក នៅក្នុងទីក្រុងស៊ីវីយេរ៉ូដូណេត (Sievierodonetsk) នៅភាគខាងកើតប្រទេសអ៊ុយក្រែនជាសមរភូមិសង្រ្គាមដ៏សំខាន់ដែលមូស្គូកំពុងផ្ដោត៕ ដោយ៖ ធីរីណា
រូបថត៖ AP