ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ប្រកាសពីបេក្ខជនលាលែង ឬទទួលមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសពីបេក្ខជនលាលែង ឬទទួលមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ប.ន.ឃ.ស) ព្រមទាំងសេចក្ដីណែនាំលេខ ១៨២ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្តីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែមនៃគណបក្សនយោបាយដែលត្រូវទទួលបានអាសនៈក្នុង ក្រុមប្រឹក្សាឃុំ សង្កាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការណែនាំ ដល់គណបក្សនយោបាយ ឬបេក្ខជនទាំងអស់ ដូចខាងក្រោម ៖

១- ការសុំលាលែង ឬមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយ ត្រូវធ្វើឡើង តាមគណបក្សនយោបាយសាមីដែលមានបញ្ជីបេក្ខជនឈរឈ្មោះ ដោយគណបក្ស នយោបាយសាមីត្រូវធ្វើលិខិតជូនដំណឹងជាបន្ទាន់មកគណៈកម្មការរាជធានី ខេត្តរៀបចំការ បោះឆ្នោត (គធ.ខប) ពាក់ព័ន្ធឱ្យបានមុនថ្ងៃ គធ.ខប ស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោតជា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

២- ការសុំលាលែង ឬមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយដែលមិន មានលិខិតជូនដំណឹងរបស់គណបក្សនយោបាយសាមីនោះទេ គធ.ខប ត្រូវធ្វើលិខិតជូន ដំណឹងទៅគណបក្សនយោបាយសាមីវិញឱ្យបានជ្រាបពីករណីនេះ ហើយណែនាំឱ្យ គណបក្សនយោបាយសាមីធ្វើលិខិតជូនដំណឹងមក គធ.ខប ឱ្យបានទាន់ពេលវេលា ដូចមាន ចែងក្នុងចំណុច ១ ខាងលើ។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គធ.ខប គ្រប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងចូលរួមសហការអនុវត្តតាមសេចក្ដីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖