ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ៣គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់៤នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់និង៤នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូ៣គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២១និង១២២ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ ចេក ក្រុងស្វាយរៀង ។

   សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នមានឈ្មោះឆន ដាវិត  អាយុ២២ ឆ្នាំ ជាបុគ្គលិកកាសុីណូ  រស់នៅភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FZ-១៨៩៨ រងការខូចខាតយ៉ាងដំណំ។

    ចំណែកភាគីម្ខាងទៀតដែលស្លាប់មានឈ្មោះ ឌឿន សុកវិសាល អាយុ១៩ឆ្នាំ មុខរបរជាងរថយន្ត និងអ្នករងរបួសធ្ងន់មាឈ្មោះសុិន សុវណ្ណ អាយុ១៦ឆ្នាំ រស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១P- ៦៨៧៣ ខូចខាតទាំងស្រុង។

    រីឯភាគីម្ខាងទៀតមានឈ្មោះ ឃឹម ប្រសិត អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិជៀសឫស្សី ឃុំ កំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ប៊ិន រ៉ាន់ ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិវាលល្ងើត ឃុំកំពង់ចម្លង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដាស្គូពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១I-៨៨៤៨។

    បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FZ-១៨៩៨ ដោយធ្វើដំណើរពីកើតទៅលិចលើផ្លូវជាតិលេខ១ ហើយក៏បានបត់ឆ្វេងមិនប្រយ័ត្នជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១I-៨៨៤៨ ជិះគ្នា២នាក់ក្នុងទិសដៅកើតទៅលិចស្របគ្នាយ៉ាងពេញទំហឹង ហើយក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១P- ៦៨៧៣ជិះគ្នា២នាក់យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង។

   ក្រោយមកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចជំនាញអូសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។

     រីឯអ្នករបួសទាំង៤នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ៕

ដោយ៖យឹម សុថាន


ចែករំលែក៖