ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធកម្មនៃរដ្ឋបាលសាលាខេត្តតាកែវចងមុងដេញថ្លៃក្នុងគម្រោងសាងសង់សាលាឃុំនិងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រុងដូនកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ កម្មវិធីបើកសំណើគម្រោងដេញថ្លៃសាងសង់អគារសាលាឃុំ និង សាងសង់កែលំអរសួនច្បារតាមដងផ្លូវ របស់អង្គភាពលទ្ធកម្មនៃរដ្ឋបាលសាលាខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ មិនអនុញ្ញាតឲ្យអ្នកកាសែតចូលទៅក្នុងបន្ទប់ដេញថ្លៃផ្តិតយករូបថតនិងព័ត៌មាននោះទេ ដែលនេះផ្ទុយទៅនិងអ្វីដែលជាការដេញថ្លៃជាសាធារណៈ។បែបនេះជាទូទៅគេហៅថា”ចងមុងដេញថ្លៃ”ដែលបន្ទប់ត្រូវចងមុងនោះបានចាក់សោរសុវត្ថិភាពទាំងត្រឹមត្រូវមិនឲ្យអ្នកកាសែតដើរក្បែរឡើយ។

លោក ឡាច ចាន់ថន មន្ត្រីការិយាល័យលទ្ធកម្ម នៃរដ្ឋបាលសាលាខេត្តតាកែវ ដែលជាអ្នករៀបចំចាត់ចែងក្នុងកម្មវិធីដេញថ្លៃនេះ បានឲ្យអ្នកកាសែតចេញពីបន្ទប់ដេញថ្លៃ ដោយនិយាយថា ក្រៅពីក្រុមហ៊ុន និង មន្ត្រីពាក់ព័ន្ធមិនអាចចូលរួមបានទេ ហើយបើអ្នកកាសែតចង់ចូលរួមដែរ ត្រូវតែមានការអនុញ្ញាតពីរដ្ឋបាលខេត្តជាមុនសិន។ តាមសម្តីមន្ត្រីការិយាល័យលទ្ធកម្មរូបនេះបញ្ជាក់ក្រោយចប់ការដេញថ្លៃថា ពេលនេះ ខាងលទ្ធកម្មខេត្តមិនទាន់សម្រេចយកក្រុមហ៊ុនមួយណាឲ្យធ្វើការសាងសង់នូវគម្រោងទាំង២នេះទេ ដោយត្រូវរង់ចាំមួយសប្តាហ៍ទៀត ទើបសម្រេច ត្បិតតែការដេញថ្លៃនេះបានចប់រួចរាល់ក៏ដោយ។

កាលពីខែមុនរឿងស្រដៀងគ្នានេះបានកើតឡើងដែរនៅខេត្តត្បូងឃ្មុំហើយវាធ្វើក្លាយទៅជាទម្លាប់នៃការដេញថ្លៃទៅហើយ ដែលជារឿយៗការដេញថ្លៃនេះមិនត្រូវបានបើកចំហនោះឡើយ បើទោះបីជាច្បាប់កំណត់ឲ្យការដេញថ្លៃត្រូវធ្វើឡើងជាសាធារណៈក៏ដោយ។ ការស៊ុំគ្រលំត្រូវបានមហាជនវាយតម្លៃថា អាចជាប់ពាក់ព័ន្ធនឹងអំពើ ពុករលួយទើបការដេញថ្លៃមិនបានប្រព្រឹត្តទៅជាសាធារណៈ។ ករណីខាងលើនេះមិនអាចទាក់ទងលោក អ៊ូច ភា អភិបាលខេត្តតាកែវដើម្បីសុំការបំភ្លឺបានទេ។

សូមបញ្ជាក់ថា លទ្ធកម្មខេត្តតាកែវបានដាក់ឲ្យដេញថ្លៃគម្រោងសាងសង់អគារសាលាឃុំ មាន០៨ខ្នង រួមមាននៅស្រុកអង្គរបូរី,បូរីជលសារ,កោះអណ្តែត,បាទី,គីរីវង់ និងស្រុកទ្រាំង ព្រមទាំងគម្រោងសាងសង់ កែលំអរហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងដូនកែវ មួយចំនួនទៀតផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖