ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់បត់ឆ្វេងមិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់ម្នាក់យ៉ាងអាណោចអធ័ម ចំណែករថយន្តបើកគេចបាត់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តបុកអ្នកជិះកង់បណ្តាលឲ្យបុរសមា្នក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

  ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង ៨និង២០ នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៤ ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥៧B (ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦)។

   តាមនគរបាលចរាចរណ៍ស្រុកកំរៀងបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង  បើកបរតាមបណ្តោយផ្លូវលេខ៥៧Bក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាជាមួយអ្នកជិះកង់ ដោយអ្នកជិះកង់ធ្វើដំណើរពីទិសខាងលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុអ្នកជិះកង់បានបត់ឆ្វេងមិនប្រុងប្រយ័ត្នធ្វើឱ្យ រថយន្តបើកមកពីទិសខាងកើតទៅលិចបានបុកកង់ពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះកង់ឈ្មោះ មន ជា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (កង់ពណ៌លឿង) ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ចំណែករថយន្តបានបើកគេចខ្លួនបាត់ស្រមោលតែម្ដង។

  ក្រោយកើតហេតុនគរបាលជំនាញចរាចរណ៍ស្រុកកំរៀង បានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង ហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវចាត់ការតាមនីតិវិធី៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖