ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះករណីនៃការធ្លាក់ខ្លួនរបស់តារាចម្រៀងយក់ ឋិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត ដល់ថ្នាក់ជិះម៉ូតូកង់៣ និងគ្មានសូម្បីប្រាក់ទិញទឹកដោះគោឲ្យកូននោះគឺធ្វើឲ្យរំជើបរំជួលក្នុងចង្កោមអ្នកសិល្បៈ។ នៅពីក្រោយរឿងនេះគឺពួកគេកំពុងតែមានករណីប្តឹងផ្តល់ជាមួយនឹងបុគ្កលមានទ្រព្យម្នាក់រហូតដល់ថ្នាក់លក់ទ្រព្យខ្ទេច។
រឿងនេះបានក្លាយជាប្រធានបទក្តៅគគុកសម្រាប់អ្នកគាំទ្រ និងទស្សនិកជនជជែកវែកញែករកមូលហេតុពិតនៅពីក្រោយការធ្លាក់ខ្លួននេះ ក៏ព្រោះតែកន្លងទៅអតីតតារាចម្រៀង ឃុំ ប៉ុណ្ណាដែត និងភរិយាអ្នកនាង យក់ ឋិតរដ្ឋា ធ្លាប់បានបង្ហាញពីក្តីសុខពេញលេញមួយជាមួយនឹងសុភមង្គល និងជីវភាពធូរធាគួរឲ្យកោតសរសើរ។ ស្រាប់តែសុខៗលេចរឿងមិនគួរឲ្យជឿនេះកើតមានឡើងដែលនៅពីក្រោយរឿងនេះគឺជាករណីក្តីក្តាំងក៏ធំមួយកំពុងតែប្រទាញប្រទង់និងស្ថិតក្រោមការសាកសួរពីស្ថាប័នតុលាការ។ មានការទម្លាយខ្លះថា លោក ឃុំ ប៉ុណ្ណាដែត កំពុងតែតតាំងក្តីជាមួយអ្នកជំនួញមានមុខមាត់ម្នាក់ ដល់ថ្នាក់លក់ទ្រព្យមានតម្លៃជាច្រើនដើម្បីដោះស្រាយបញ្ហានេះ ហើយប្រសិនបើឈានដល់តំណាក់កាលចុងក្រោយអតីតតារាចម្រៀងរូបនេះនឹងទម្លាយរឿងនេះជាសាធារណៈ។ ទោះជាយ៉ាងណាគេមិនទាន់ដឹងអំពីរឿងរ៉ាវដ៏ធំនេះជាប់ពាក់ព័ន្ធនឹងអ្នកជំនួញរូបណានៅឡើយដែរ ប៉ុន្តែលោកធ្លាប់លើកឡើងថាជាលើកទី១សម្រាប់ជីវិតរបស់លោកដែលមកត្រូវជួបរឿងបែបនេះ ហើយលោកចាត់ទុកថាជាមាសសុទ្ធមិនខ្លាចភ្លើងជាដាច់ខាត និងស្នើឲ្យប្រពន្ធរបស់ខ្លួនទ្រាំបន្តិចមុនពេលរឿងនេះត្រូវបានដោះស្រាយចប់។ ក្នុងនោះគេក៏សង្កេតឃើញភរិយាលោក គឺអ្នកនាង យក់ ឋិតរដ្ឋា ក៏បានចេញមុខផ្តល់ជាកម្លាំងចិត្តដល់ស្វាមីផងដែរ ។
គួរបញ្ជាក់ដែរថា ក្រោយរៀបមង្គលការជាច្រើនឆ្នាំ លោក ឃុំ ប៉ុណ្ណាដែត បានសម្រេចចិត្តចាកចេញពីវិស័យសិល្បៈ ដោយគេដឹងថាលោកមានមុខរបរលើការលក់ដូរអចលនទ្រព្យ ខណៈតារាចម្រៀង យក់ ឋិតរដ្ឋា បន្តការងារជាតារាចម្រៀងដដែល។ គេនៅបន្តរង់ចាំតាមដានទៀតថាតើរឿងរ៉ាវលម្អិតយ៉ាងណាបន្ថែមទៀតសារព័ត៌មានយើងនឹងធ្វើការបញ្ជាក់បន្ថែមជុំវិញរឿងរ៉ាវទាំងនេះ៕
ដោយ ៖ វឌ្ឍនា