ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

ខ).ជើងជាគម្រប់២:

 * ស៊ីស្លាកន្សែង

  កាលឲ្យអ្នកផ្លូវទៅដណ្ដឹង១ជើងហើយឃើញថា គេពុំទាន់អនុញ្ញាតឲ្យដាច់ស្រេចនៅឡើយគ្រាន់តែបើកផ្លូវឲ្យដើរទៅទៀត ដូច្នេះសម័យដើមការក៏ត្រូវគិតគូរទៅដណ្ដឹងតទៅទៀតតាមទំនៀមក្នុងឱកាសណាមួយដ៏សមគួរ តែមុននឹងឲ្យអ្នកផ្លូវទៅដណ្ដឹងត្រូវជូនដំណឹងទៅដល់ខាងស្រីដូចពោលហើយក្នុងជើងជាដំបូងកាលបានកំណត់ថ្ងៃខែមកហើយ ត្រូវចាប់រណ្ដាប់ស្លាកន្សែង គឺរងមួយមានកន្សែងបញ្ចពណ៌(កន្សែងមានសម្បុរ ៥ យ៉ាង) ឬកន្សែងប្របុច១ ក្រាលលើរងនោះ ហើយរៀបគ្រឿងស្លាគ្រប់មុខដាក់លើកន្សែងនោះ និងរៀបបណ្ដាការគ្រឿងដណ្តឹងតាមទំនៀម គឺ÷

១- ស្លា ១៦ ដៃ

២- ម្លូ  ១៤ ត្របក

៣- ថ្នាំ ១៦ ដុំ

៤-  ស្លាជ្វា ១៦ ដុំ

៥- ទៀន ១គូ

៦- ស្រា ២ សឹក (២ដប)

របស់អម្បាលនេះឲ្យញែកទដាក់ទង១គូ

៥- ចេកទុំ ២ តោក

៦- នំអន្សម ២ តោក

៧- នំគម ២ តោក

៨- នំបង់ខ្លាញ់ ២ តោក

  កាលរៀបរណ្ដាប់បានស្រេចយ៉ាងនេះហើយ ត្រូវប្រគល់ឲ្យអ្នកផ្លូវនាំទៅកាន់ត្រកូលខាងស្រី។ ចំណែកឯតែខាងស្រីក្នុងថ្ងៃនោះ ក៏ត្រូវអញ្ជើញញាតិសន្តានជិតខាងរបស់ខ្លួនឲ្យមកជួបជុំដូចមុន។ អ្នកផ្លូវទៅដល់ហើយគប្បីថ្លែងថា សូមជម្រាបអស់លោកមេបាធំ-តូច សូមជ្រាបដ្បិតអ្នកសាមីដើមការបានពឹងពររកខ្ញុំឲ្យមកសូមដណ្ដឹងកូនលោកមេបាមួយជើងមុនហើយដូចលោកមេបាទាំងពួងជ្រាបស្រាប់ហើយឥឡូវនេះ ក៏បានពឹងពររកខ្ញុំទាំងបីនាក់ឲ្យនាំភស្តុភាបណ្តាការស្លាម្លូ មកសូមចងព័ន្ធជាសាច់សន្ដានស្ពានមេត្រី ជាប់ពជរួមពង្សវង្សញាតិជាមួយគ្នាតទៅដោយសូមដណ្ដឹងនាងឈ្មោះនោះជាកូនលោកមេបាឲ្យធ្វើជាភរិយាឈ្មោះនោះជាកូនអ្នកសាមីដើមការ បើលោកមេបាមេត្តាឲ្យទាននឹងបានលើកស្លាកន្សែងជូនពិសាជាគ្រឿងសម្គាល់សេចក្តីជាប់សម្ព័ន្ធមេត្រីតទៅ ហើយនឹងបានលើកគ្រឿងបណ្តាការអម្បាលនេះជូនពិសាទៀតតាមត្រូវការ។

  ពួកមេបាតបថា យើងសព្វថ្ងៃក៏ត្រូវការរកតែញាតិសន្ដានព្រៀងលានសម្ចាយ ក្រែងជូនដើរយប់ព្រឹកជិតឆ្ងាយនឹងបានចូលសំណាក់ស្នាក់អាស្រ័យ តែថាវេលានេះ យើងជាមេបានឹងទុកដាក់តែម្ដងឃើញពុំទាន់គួរការ ប្រការ ១ អ្នកជាអ្នកផ្លូវនេះជាស្ត្រីភេទភាព ក្រែងទទួលជំពូកអំពើយើងជាមេបាមិនបាន ប្រការ ២ ដោយយើងជាមេបារាល់គ្នាពុំទាន់បានឃើញរូបឆោមលោមពណ៌ និងពុំទាន់បានដឹងគំនិតមារយាទរបស់កូនប្រុសអ្នក ដូច្នេះសូមឲ្យអ្នកផ្លូវវិលទៅជម្រាបអ្នកសាមីដើមការឲ្យពឹងរកបុរសដែលជាអ្នកមានពូជពង្សល្អ ជាអ្នកមានគូស្រករដោយមានខាន់ស្លារស់នៅទាំង២ជាអ្នកមានសតិបញ្ញា ស្គាល់រាក់ជ្រៅត្រូវខុស ខ្ពស់ទាបឲ្យមកនិយាយការហ្នឹងយើងជាមេបា ទាំងឲ្យនាំខ្លួនកូនប្រុសមកឱ្យយើងពិនិត្យមើលផង បើឃើញគួរសមហើយ យើងក៏មិនថាអ្វី។លំដាប់នោះអ្នកផ្លូវលើកស្លាកន្សែងជូនទៅពួកមេបាពិសាទូទៅគ្រប់គ្នា(មានទំនៀមថា ពួកមេបាដែលពិសាស្លាត្រូវបៀកម្លូពីរសន្លឹកដើម្បីជាប្រផ្នូលឲ្យកំលោះក្រមុំទាំងពីរនោះបានជាគូនឹងគ្នា) ហើយនិងលើកគ្រឿងបណ្ដាការស្លាម្លូជូនទៅទៀត។ ប៉ុណ្ណេះឈ្មោះថា បានផ្លូវគម្រប់ពីរជើងហើយ។

  ការដណ្ដឹងក្នុងវារៈគម្រប់ពីរជើងនេះ ហៅតាមកិរិយាដែលស៊ីស្លាដែលភ្ជាប់ដោយកន្សែងដាក់លើរងនោះថា (ស៊ីស្លាកន្សែង) បើហៅតាមរូបគួរហៅថា ” ស៊ីស្លាតូចភ្ជាប់ពាក្យ ឬហៅថាបញ្ចប់ពាក្យតូច” ដូច្នេះក៏បាន។ (នៅមានត)

 

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត


ចែករំលែក៖