ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ស៊ីណាត ចុះពិនិត្យសមិទ្ធផលសំណង់សាលារៀនជាអំណោយផ្ទាល់នៅភូមិបរឡយ

ចែករំលែក៖

ខេត្តរតនគិរី ៖ លោកស្រី ហ៊ុន ស៊ីណាត ដឹកនាំសប្បុរសជន ដែលមានលោក ជិន សំណាង ចូលរួម ព្រមទាំងមានការអមដំណើរពីសំណាក់លោកអធិការនគរបាលស្រុកបរកែវ បានអញ្ជើញចុះពិនិត្យសំណង់សាលាមតេយ្យ ស្ថិតក្នុងភូមិបរឡយ ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី ដែលជាអំណោយរបស់លោកស្រីផ្ទាល់។

ការអញ្ជើញចុះពិនិត្យសំណង់សាលាមតេយ្យនោះនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នាឱកាសនោះលោកស្រីក៏បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន១០៨គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី៥០កញ្ចប់ និងថវិកាចំនួន ៥០០០០រៀលទៀតផងដែរ។

មេជាងសំណង់ថា សំណង់សាលាមតេយ្យ ដែលជាអំណោយរបស់លោកស្រីនោះមានឈ្មោះ ហ៊ុន ស៊ីណាត បរឡយ មានទំហំ ៦ម៉ែត្រគុណ៣០ម៉ែត្រ ថែមវេរ៉ង់ដា ៣ម៉ែត្រ × ៦ម៉ែត្រ បន្ទប់ទឹក៣ មានទាំងតុ កៅអី ក្ដាឃៀន សរុបថវិកាអស់ចំនួន៥ម៉ឺន ៣ពាន់ដុល្លារសហរដ្ឋអាមេរិក។

 មេជាងបន្តថា សំណង់នេះចាប់ផ្ដើមសាងសង់តាំងពីខែមេសា ឆ្នាំ២០២២ ហើយរួចរាល់នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

លោកអធិការនគរបាលស្រុកបរកែវ លោកមេឃុំកិៈចុង ព្រមទាំងប្រជាពលរដ្ឋ និងព្រះចៅអធិការ វត្ដបរឡយ ភូមិបរឡយ ស្រុកបរកែវ ខេត្តរនគិរី បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះអំណោយសប្បុរសធម៌ សាងសង់សាលារៀន ជូនដល់ក្មេងៗ នៅតំបន់ដាច់ស្រយាលនេះឱ្យមានសាលារៀននឹងគេ និងថវិកាគ្រឿងឧបភោគ បរិភោគ ដែលលោកស្រីបានលះបង់ ចែករំលែក យ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឱ្យពួកគាត់មានចិត្តត្រេកអរយ៉ាងខ្លាំង រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

ហើយពួកគាត់បានលើកម្រាមដៃដប់បួងសួង ដល់អារក្ស អ្នកតាព្រៃភ្នំ ម្ចាស់ទឹក ម្ចាស់ដី ខេត្តរតនគិរី ជួយតាមថែរក្សា លោកស្រីព្រមទាំង ក្រុមគ្រួសារ និងសហការីឱ្យមានអាយុយើនយូរ ព្រមទាំងមានសុខភាពល្អ ដើម្បីជួយដល់ប្រជាជនខ្មែរ ក្រីក្របន្តទៅមុខទៀត៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖