ភ្នំពេញ៖ ស្រ្តីម្នាក់បានស្រែកទ្រហោយំ សុំឱ្យអាជ្ញាធរជួយធ្វើអន្តរាគមន៍ស្វែងរកកូនស្រីរបស់ខ្លួនដែលបានបាត់ខ្លួនកាលពីវេលាម៉ោង១០ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្សារនាគមាស ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ស្រ្តីជាម្ដាយមានឈ្មោះ ឈួន ស្រី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្ដាល ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តកណ្ដាល បានរៀបរាប់ឱ្យដឹងថា កូនស្រីមានឈ្មោះ ចត ស៉ីថា អាយុ១៨ឆ្នាំ មុនពេលបាត់ខ្លួនពួកគាត់៣នាក់ឱពុកម្ដាយនិងកូនបានមកអង្គុយលក់ផ្លែឈើធម្មតា នៅផ្សារនាគមាស លុះមួយសន្ទុះក្រោយមកកូនស្រីបានប្រាប់ថាឈឺពោះ ហើយក៏ដើរចូលបន្ទប់ទឹក។ ប៉ុន្តែដោយ ការចូលយូរខុសពីធម្មតា ម្ដាយបានសួរទៅប្ដីរបស់គាត់ថា កូនស្រីទៅយូរម្ល៉េះ? ហើយក៏បានទៅតាមដល់បន្ទប់ទឹកស្រាប់តែមិនឃើញ។ ភ្លាមៗនោះក៏មានការផ្អើលឆោឡោបាត់កូនស្រី ពេលនោះក៏មានអ្នកឃើញបាននិយាយប្រាប់ថា កូនស្រីពាក់អាវក្រៅពណ៌ផ្ទៃមេឃលាយស ដើរទៅទិសខាងលិចមួយសន្ទុះធំហើយ ។ ពេលនេះបុរសជាឪពុកបានរត់រកគ្រប់ច្រកនៃផ្សារតែមិនឃើញឡើយ និងទូរស័ព្ទក៏មិនចូលទៀត។
ពីរនាក់ប្ដីប្រពន្ធពិបាកចិត្តនិងរង់ចាំកូនរហូតដល់ពេលវេលាម៉ោង១២ថ្ងៃត្រង់នៅតែមិនអាចទំនាក់ទំនងបាន ក៏បានសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនិងសំណូមពរដល់អាជ្ញាធរជួយធ្វើអន្តរាគមន៍ស្វែងរកកូនស្រីពួកគាត់ផង។
ជាចុងក្រោយស្ត្រីជាម្ដាយសំណូមពរដល់កូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ បើបានឃើញព័ត៌មាននេះ៕
ដោយ ៖ រ៉ារ៉ា