ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង និងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះលក់ចាប់ហួយ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើនេះ ទី១-ឈ្មោះ អ៊ុក សារ៉ុម ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ។ ម្ចាស់ផ្ទះទី២-ឈ្មោះ អ៊ុក ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ និងម្ចាស់ទី៣-ឈ្មោះ ប៉ុល សុភី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ឡំប្រឺតា។
បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញមានផ្សែងហុយចេញពីខាងក្នុងផ្ទះលក់ចាប់ហួយមួយខ្នងយ៉ាងខ្មួលខ្មាញ់នៅជាន់ខាងលើទីមួយ ដោយសង្ស័យថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ខណៈនោះរូបគាត់ក៏បានស្រែកប្រាប់ម្ចាស់ផ្ទះថា មានផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីក្នុងផ្ទះខាងលើជាន់ទីមួយ ហើយម្ចាស់ផ្ទះបានរត់ចេញមកខាងក្រៅ ក៏ស្រាប់តែភ្លើងកាន់តែឆេះខ្លាំងឡើងៗ យ៉ាងសន្ធោសន្ធៅទើបបង្កការផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យមើលជាក់ស្ដែង។ រួចភ្លាមៗនោះ ខាងកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមើលឃើញថាស្ថានភាពមិនអាចគ្រប់គ្រងបាន ទើបទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែក កម្លាំងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ចេញរថយន្តជាច្រើនគ្រឿង ដើម្បីចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលាផងដែរ។
គួរបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនីនៅខាងលើផ្ទះជាន់ទីមួយ ដោយឆេះប្រភេទសំណង់ថ្មក្រោមលើឈើ ទំហំ (៨ម៉ែត្រគុណ១២ម៉ែត្រ)អស់ទាំងស្រុងស្មើនឹង៣បន្ទប់ និងសម្ភារៈប្រើប្រាស់អស់ ៨០% តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងប្រតិបត្តិការជួយសង្គ្រោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តជំនួយអន្តរាគមន៍ រថយន្តការិយាល័យនគរបាលអគ្គិភ័យសរុបចំនួន ៧គ្រឿង ប្រេីប្រាស់ទឹកអស់១៧ឡានស្មើនឹង៥៨ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣៥នាទី ដើម្បីធ្វើការបានបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕
ដោយ ៖ ភារ៉ា ដង្កោ