ព័ត៌មានទាន់ហេតុការណ៍៖

លីបង់ និងអេស្ប៉ាញ រងការឆេះព្រៃទ្រង់ទ្រាយធំ ពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

លីបង់បានបញ្ជូនកម្លាំងទាហានទៅចូលរួមការពន្លត់ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ភ្លើងឆេះព្រៃបានកើតឡើងនៅយប់ថ្ងៃទី៧ខែមិថុនា ហើយបានបញ្ជូនកម្លាំងទាហាន និងឧទ្ទម្ភាគចក្រទៅចូលរួមពន្លត់ភ្លើងឆេះព្រៃ។
ចំណែកនៅក្នុងប្រទេសអេស្ប៉ាញវិញ ភ្លើងឆេះព្រៃនៅតំបន់ភ្នំភាគខាងត្បូងប្រទេសនេះបានបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីទីក្រុង Benahavis ដែលមានប្រជាជនរស់នៅចំនួន ៧,០០០នាក់ និងបានបង្កឱ្យអ្នកពន្លត់អគ្គីភ័យចំនួន៣នាក់រងរបួស។
បើតាមនាយកដ្ឋានគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃ (INFOCA) នៃតំបន់ Andalusia ភ្លើងឆេះព្រៃខាងលើបានចាប់ផ្តើមឡើងកាលពីរសៀលថ្ងៃពុធសប្ដាហ៍នេះ នៅជម្រាលភ្នំ Pujerra នៃជួរភ្នំ Sierra Bermejain ដែលស្ថិតនៅលើតំបន់ Costa del Sol ជាទីទាក់ចិត្តសម្រាប់ភ្ញៀវទេសចរអង់គ្លេស នៅលើតំបន់ឆ្នេរ Andalusia។ តាម INFOCA អាកាសធាតុក្តៅនិងខ្យល់បក់ខ្លាំង បានបង្កឱ្យភ្លើងឆេះព្រៃនេះកាន់តែរីករាលដាល។
ក្រុមអ្នកពន្លត់អគ្គិភ័យជាង ២០០នាក់មកពីនាយកដ្ឋាន INFOCA រួមជាមួយបុគ្គលិកយោធា១០០នាក់ និងក្រុមអ្នកពន្លត់អគ្គិភ័យ៥០នាក់មកពីតំបន់ Costa del Sol កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនេះ។
អភិបាលតំបន់ Andalusia លោក Juanma Moreno បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «គួរឱ្យសោកស្ដាយណាស់ យើងត្រូវបានរាយការណ៍ឱ្យដឹងថា អ្នកពន្លត់អគ្គិភ័យចំនួន៣នាក់មកពីនាយកដ្ឋាន INFOCA បានទទួលរងរបួស ដោយក្នុងចំណោមនោះ២៥ភាគរយនៃខ្លួនប្រាណរបស់ភ្នាក់ងារម្នាក់បានរងការរលាក និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃទីក្រុង ម៉ាឡាហ្កា ភ្លាមៗ។
ភ្លើងឆេះព្រៃមួយទៀតបានកើតឡើងនៅតំបន់ភ្នំដូចគ្នាកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ដោយវាបានបំផ្លាញព្រៃឈើលើផ្ទៃដីយ៉ាងហោចណាស់ ៧,៧៨០ហិកតា ឱ្យទៅជាផេះ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ពេលនោះ ក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល ១,០០០នាក់ ជាមួយយន្តហោះប្រហែល ៥០គ្រឿង បានធ្វើការដើម្បីពន្លត់វា៕ ដោយ៖ ធីរីណា

រូបថត​ ៖ TTXVN-VNA


ចែករំលែក៖