ភ្នំពេញ៖ កុមារីទេីបតែអាយុ១៣ខែបានលង់ទឹកធុងក្នុងបន្ទប់ទឹកស្លាប់ខណៈដែលម្តាយដេកលក់មួយភាំង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិព្រៃទា១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កុមារីរងគ្រោះឈ្មោះពុធ សង្វា អាយុ១៣ខែ ម្តាយឈ្មោះដា ប៊ែកឃី អាយុ២២ឆ្នាំ ឪពុកឈ្មោះឡោ សំណាង អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណេីតនៅភូមិរកាអា ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុម្តាយនិងកូនបាននៅក្នុងបន្ទប់ជួលតែពីរនាក់ ហេីយម្តាយបានបោកខោអាវហាលហេីយក៏បានដេកលក់មួយភាំង ដោយកូនស្រីរងគ្រោះនៅលេងទឹកក្នុងបន្ទប់ទឹកតែម្នាក់ឯង។ បន្ទាប់មកកូនប្រុសម្នាក់ទៀតអាយុ៣ឆ្នាំ មកពីកន្លែងយាយលក់ដូរវិញក៏ឃេីញប្អូនដាំក្បាលក្នុងធុងទឹកបាត់ទៅហេីយទេីបដាស់ម្តាយឱ្យមេីល។
ប្រភពដដែលបានបន្តថា ភ្លាមនោះម្តាយបានយកកូនស្រីទៅមន្ទីរពេទ្យតែជាអកុសលកុមារីរងគ្រោះបានស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុទេីបម្តាយរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែងរួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ