ព័ត៌មានទាន់ហេតុការណ៍៖

បន្តសវនាការអតីតមេបក្សខ្មែរក្រោកប្លន់អ្នកលក់ឡេ

ចែករំលែក៖

ភ្នំពេញ ៖ សំណុំរឿងមេបក្សខ្មែរក្រោកប្លន់អ្នកលក់ឡេ យ៉ាងកក្រើក ត្រូវបានក្រុមប្រឹក្សាតុលាការលើកយកមកបន្តសវនាការនារសៀលថ្ងៃទី ០៩មិថុនា ឆ្នាំ២០២២នេះនៅចំពោះមុខក្រុមជនជាប់ចោទទាំងអស់ ។

  សវនាការនេះដឹកនាំដោយលោកស្រីចៅក្រម ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ធាម ច័ន្ទពិសិដ្ឋ និង លោក កេត សុជាតិ ជាចៅក្រមប្រឹក្សា និង តំណាងអយ្យការលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ 

តុលាការបានចោទមេបក្សខ្មែរក្រោក ដែលជាមេចោរប្លន់អ្នកលក់ឡេតាមអនឡាញ គឺឧកញ៉ា អ៊ាន សៀវម៉ី ចំនួន៣ បទល្មើស ៖ 

១/ បទ​លួចមានស្ថានទម្ងន់ទោស​ 

២/ បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ 

៣/ បទក្លែងឯកសារសាធារណៈ​ 

(តែក្នុងនោះក៏មានជនសង្ស័យខ្លះត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពេីលួចដោមានស្ថានទម្ងន់ទោស​) បទចោទកាន់នេះគឺតាមមាត្រា​ ២៩​ មាត្រា​ ៣៥៣​មាត្រា​ ៣៥៧​ មាត្រា​ ៤៩០​ និងមាត្រា​ ៦២៩​ នៃក្រមព្រហ្មទណ្ឌ​ ។ 

    នារសៀលថ្ងៃទី៩ខែមិថុនា តុលាការបានសាកសួរលើជនត្រូវចោទឈ្មោះ សុវណ្ណ រ៉ានុត ។ ជននេះបានសារភាពថា ថ្ងៃកើតហេតុ ខ្លួនជាអ្នកកាន់កាំភ្លើងខ្លី និងឧបករណ៍ផ្ដាច់វ៉ាយហ្វាយអុិនធើណិត និងសេវ៉ាទូរស័ព្ទ ។ បន្ទាប់មកពួកខ្លួនបានអានដីកាឱ្យអ្នកផ្ទះស្ដាប់ ហើយគំរាមអោយពួកគេចូលក្នុងផ្ទះ រួចឆក់បុរសម្នាក់ជាប្ដី អាន សៀវមុី អោយដួលលើឥដ្ឋ  និងចាប់ចងជនរងគ្រោះចំនួន៥នាក់ ហើយឈ្មោះ នេត ហៃមុនី និង អោ រ៉ាម៉ន និងវីលៀម បានគំរាមអោយជនរងគ្រោះ អាន សៀវមុី អោយបើកទូរដែកប្រមូលគ្រឿងអលង្កានៅជាន់ខាងលើ តែខ្លួនមិនដឹងថាបានអ្វីខ្លះទេ ។

     ចំណែកជនជាប់ចោទឈ្មោះ កេត ម៉ាច ហៅអាតឿ ជាប្រធាននាយកដ្ឋានហិរញវត្ថុគណបក្សខ្មែរក្រោក បានឆ្លើយសារភាពថា ខ្លួនមិនបានដឹងរឿងមេបក្សរៀបចំផែនការប្លន់នោះទេ តែនៅថ្ងៃទី២០ធ្នូ ឆ្នាំ២០២១នោះ ឈ្មោះ បូរមុី ជាអ្នកទិញរថយន្តឡិចសុីសពីមេបានសុំអោយខ្លួនជូនទៅផ្ទះ នេត ហៃមុនី ដើម្បីយករថយន្ត លុះបើកឡានចេញបានប្រហែល២គីឡូស្រាប់តែមានប៉ូលិសដេញបាញ់ពីក្រោយពួកខ្លួនក៏ឈប់ឡានហើយរត់ចែកផ្លូវគ្នាទៅ ។

       ដោយឡែកឈ្មោះ  អោ រ៉ាម៉ន បានសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានចូលរួមប្លន់ដោយបានភ្ជង់កាំភ្លើង អាន សៀវមុី  អោយឡើងទៅជាន់ខាងលើបើកទូរដែកយកគ្រឿងអលង្កាទាំងអស់ ។ ចំណែកលុយមេមិនអោយយកទេ ។ ពេលយកបានហើយពួកខ្លួនបានបើកឡានទៅផ្ទះនេត ហៃមុនី នៅព្រែកកំពិស ហើយបានហៅទូរស័ព្ទទៅមេស្រី អោយបើកឡានរ៉ង់រូវែពណ៌ខ្មៅមកទទួលពួកគេទៅផ្ទះវិញ លុះដល់ថ្ងៃទី២០ធ្នូក៏ត្រូវចាប់ខ្លួនតែម្ដង ។

    សវនាការនេះបានផ្អាកនៅវេលាម៉ោង១៧ល្ងាច ហើយនឹងបន្តនៅថ្ងៃទី ១៥មិថុនា ឆ្នាំ២០២២ខាងមុខ ។

សូមរំលឹកថាក្នុងសំណុំរឿងប្លន់ផ្ទះអ្នកលក់ឡេ អាន សៀវមុី មានជនជាប់ចោទចំនួន៨នាក់ ក្នុងនោះមាន ៖

១ / ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ ប្រធានគណបក្សខ្មែរក្រោក នឹងជាមេក្លោងចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញ ឧកញ៉ា អ៊ាន សៀវម៉ី មានស្រុកកំណើតនៅខេត្តព្រះត្រ ពាំង កម្ពុជាក្រោម នឹងមានអាស័យដ្ឋានស្នាក់នៅ បុរីប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 ២ / ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ អ្នកបើករថយន្ត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

 ៣ / ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ ឆ្នាំ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

 ៤ / ឈ្មោះ សុវណ្ណ ស្រីសុរិយោព័ណ ភេទស្រី អាយុ២៤ ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាម គ័ង) មុខរបរ លក់ដូរ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

៥/ ឈ្មោះ ជួន សុភ័ក្រ្តា 

៦/ ឈ្មោះ នេត ហៃមុនី

៧/  ឈ្មោះ ខុន ចាន់បូរមុី

៨/ កេត  ម៉ាច ហៅអាតឿ ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖