ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី ឆាយ យូលីកា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី ឆាយ យូលីកា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអនុប្រធានក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងជន្មាយុ៤៥ឆ្នាំ ដោយរោគាពាធ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សាររំលែកមរណទុក្ខផ្ញើជូន លោកស្រី ឆាយ យូលីកា ព្រមទាំងក្រុមគ្រួសារ

ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃ ក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ ជាអនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និងជាអនុប្រធានក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពរ របស់មហាជនក្នុងគេហទំព័រហ្វេសបុក សម្ដេចក្រឡាហោម និងត្រូវជាស្វាមីរបស់លោកស្រី ដែលបាន ទទួលមរណភាពកាលពីថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៤៥ឆ្នាំ វេលាម៉ោង ០០:៤៧នាទី រំលងអាធ្រាត ដោយរោគាពាធ ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោកស្រី ដោយសេចក្តីអាឡោះអាល័យចំពោះការបាត់បង់នូវស្វាមី និងឪពុកជាទីគោរពស្រលាញ់ ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ មួយរូប ដែលធ្លាប់បានបំពេញភារកិច្ចយ៉ាងសកម្មជូនអង្គភាព នារយៈពេលកន្លងមក ។

ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ បានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូម លោកស្រី និងក្រុមគ្រួសារ ទទួលនូវសេចក្តីរាប់អាន ដ៏ជ្រាលជ្រៅពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖