ភ្នំពេញ ៖ យោងតាមប្រភពពី នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានអោយដឹងថា, គណៈកម្មការកសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដែលដឹកនាំដោយ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ជាប្រធានកិត្តិយស និងលោក លោកស្រី ញ៉ែម សាខន ស ខេង ជាប្រធានបានរៀបចំសាងសង់ឩព្រះចេតិយឡើង នៅក្នុងវត្តបរិវេណវត្តបទុមវតីរាជវរាម រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា, ការសាងសង់ព្រះចេតិយនៅទីនេះ ដើម្បីជាការតបស្នងនូវព្រះគុណបំណាច់ដ៏ថ្លៃថ្លារបស់ គណៈកម្មការសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងការថែរក្សា និងលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។
គណៈកម្មការកសាងព្រះចេតិយ ក៏បានអំពាវនាវចំពោះ ពុទ្ធបរិស័ទ ជនរួមជាតិ ជាសប្បុរសជនទាំងអស់ ដើម្បីចូលរួមជួយឧបត្ថម្ភជាថវិកា ឬសម្ភារៈសំណង់ផ្សេងៗតាមសទ្ធាដ៏ថ្លៃថ្លា ដើម្បីកសាងព្រះចេតិយនេះឲ្យបានសម្រេចជាស្ថាពរផងដែរ។
គួរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមិថុនា បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត។
សូមជម្រាបជូនដែរថា យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់ បានឱ្យដឹងថា តួចេតិយមានទំហំ ១០ម ×១០ម កំពស់សរុប ២៩.៥០ម, ខឿនទី១ មានកំពស់ ៣.០៥ម ពីដី, តួចេតិយមានកំពស់ ៥.៤ម ពីខឿនទី១, ផ្នែកកំពូលមានកំពស់ ២១.០៥ម ពីតួចេតិយ, ខឿនទី១ ផ្នែកខាងមុខមានជណ្តើរមួយមានចម្លាក់តោមួយគូរ និងលម្អដោយបិទថ្មភ្នំធម្មជាតិមាន ទឹកធ្លាក់ រុក្ខជាតិធម្មជាតិ ផ្នែកខាងក្រោយជាខឿនមានដាំផ្កា និងមានគូរទឹកជុំវិញ, តួចេតិយផ្នែកខាងក្រៅមានខ្លោងទ្វារចំនួន៤ ដែលមានទ្វារចូលពីមុខមួយ មានទ្វារបញ្ឆោតចំនួនបី និង មានបង្អួចបញ្ឆោតចំនួន៨ ផ្នែកខាងក្នុងតម្កល់មឈូសចំកណ្ដាល នៃតួចេតិយដែលមានធាតុនៅខាងក្នុង និងផ្នែកកំពូល មានខ្លោងទ្វារបញ្ឆោតចំនួន០៨ មានចេតិយចម្លងចំនួន០៤ និងមានឆ័ត្ររួតនៅចុងកំពូល៕
ដោយ៖ សិលា