ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនស្ត្រីម្នាក់ចេញសែកអត់សាច់ប្រាក់ចំនួន៧មុឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីមេម៉ាយកូន៥ម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ឆឹម  ឬទ្ធី ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ពាក់ព័ន្ធនិងករណីចេញសែកគ្មានប្រាក់ចំនួន៧មុឺនដុល្លារឱ្យដៃគូរកសុីជាមួយគ្នា ។

     ជនត្រូវចោទដែលតុលាការឃុំខ្លួនឈ្មោះ គង់ សុត្រាវី អាយុ៤០ឆ្នាំ មានមុខរបរជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ ១១ ផ្លូវលេខ ៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាស្ត្រីមេម៉ាយមានកូន៥នាក់ក្នុងបន្ទុក ។

    លោកស្រី គង់ សុត្រាវី ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនកាលពីល្ងាចថ្ងៃទី ០៨មិថុនា ឆ្នាំ២០២២ បញ្ជូនមកសាលាដំបូងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ឆឹម ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដែលបានចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » តាមមាត្រា ២៣១នៃច្បាប់ស្ដីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ២៥វិច្ឆិកា ឆ្នាំ២០២០ ។

ក្នុងនោះ ក្រោយពីធ្វើការសាកសួររួចលោកចៅក្រម ឆឹម ឬទ្ធី បានចេញដីកាសម្រេចលេខ ៤៥១០ ( យ) ដឃដ ចុះថ្ងៃទី ០៨មិថុនា ឆ្នាំ២០២២ដាក់ឃុំខ្លួននៅពន្ធនាគារ( ម២) រហូតដល់មានការសម្រេចជាថ្មីពីតុលាការ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖