ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.ជ.ក.ប.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ជាសមាជិក និងជាលេខាធិការ នៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ លោក លោកស្រី អស់លោក មកពីក្រសួង ស្ថាប័ន ដែលជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងជាសមាជិក នៃគ.ជ.ក.ប.។
គោលបំណងនៃកិច្ចប្រជុំលើកទី៧ របស់ គ.ជ.ក.ប. គឺដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងឯកសារចំនួន៣ ដូចខាងក្រោម៖
១. សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីការបង្កើតសមាគមអ្នកប្រើប្រាស់ តាមវិស័យ
២. សេចក្ដីព្រាងកម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ (Draft National Consumer Protection Programme)
៣. សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីគម្រោងលក់បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (Guideline on Pyramid Scheme and Multi-Level Marketing)។
ជារួមក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ រួមទាំងលោក លោកស្រី អស់លោក ដែលជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងជាសមាជិក នៃគ.ជ.ក.ប. បានអនុម័តលើសេចក្តីព្រាងទាំង៣ខាងលើ។ អង្គប្រជុំ ក៏បានជំរុញឱ្យអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការ ធ្វើការផ្សព្វផ្សាយឯកសារទាំង៣នេះ ជាសារធារណៈឱ្យបានទូលំទូលាយតាមរយៈបណ្ដាញសង្គម (Facebook Page) ទូរទស្សន៍ (TV) និងគេហទំព័ររបស់អគ្គនាយកដ្ឋាន (Website)។ល។
ក្នុងកិច្ចប្រជុំនេះដែរ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ក៏បានជំរុញឱ្យអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ធ្វើការស្វែងរក និងកំណត់បទល្មើសពាក់ព័ន្ធនឹងការធ្វើទីផ្សារបែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (MLM)៕
ដោយ៖សហការី