ខេត្តបាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញខណៈពួកគាត់កំពុងភ្ជួរដីដាំដំណាំ។
ករណីប្រទះឃើញនេះកាលពីទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចហុងទី៥ ស្ថិតក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឈ្មោះ ហែម សុផល ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ថាបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជីកបានចុះទៅពិនិត្យនិងប្រមូលបានគ្រាប់មីនមិនទាន់ផ្ទុះចំនួន ៤៧ គ្រាប់ដែលជាប្រភេទមីនលេខបូកពណ៌ខៀវ ដែលផលិតនៅប្រទេសសូវៀត ។
បន្ទាប់ពីប្រមូលបានគ្រាប់មីនទាំងនេះត្រូវបានកម្លាំងជំនាញរាយការណ៍បន្តជូនអង្គភាពកំចាត់មីនស៊ីម៉ាក់ឱ្យមកទទួលយកទៅចាត់ចែងតាមបច្ចេកទេសបន្ត៕
ដោយ៖ចន្ទ លីហ្សា