ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍្តទី០៩ ខែមិថុនា ឆ្នាំ២០២២នេះថា៖ មន្ត្រីសាខា ក.ប.ប. ប្រចាំនៅខេត្តកំពង់ធំ ខេត្តកែប ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២២ បានអនុវត្តនូវតួនាទីស្នូលរបស់ខ្លួនក្នុងការការពារសុខភាពប្រជាពលរដ្ឋ ដោយធ្វើការត្រួតពិនិត្យតាមបណ្តាទីផ្សារនានា។
ជាក់ស្ដែងនៅស្រុកកំពង់ស្វាយនិងស្រុកស្ទោង ក្រុងកែប ស្រុកព្រៃកប្បាស ស្រុកក្រគរ ក្រុងបាត់ដំបង និងភូមិសាស្ត្រខណ្ឌមានជ័យ ដោយមន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើទំនិញហូបចុក ទំនិញប្រើប្រាស់ និងភេសជ្ជៈចម្រុះ ដែលជាលទ្ធផលបានរកឃើញ និងដកហូត នូវទំនិញមិនមានអនុលោមភាព ហួសកាលបរិច្ឆេទសរុបចំនួន ២៦.៦៤គីឡូក្រាមពីផ្សារ យកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីរៀបចំនីតិវិធីដុតកម្ទេចចោលនាពេលសមស្រប។
មន្រ្តីជំនាញ ក៏បានបន្តណែនាំអាជីវករឱ្យបានយល់ដឹងអំពីច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា និងច្បាប់ការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
ដោយ៖សហការី