ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក១៩) និងក្រុមការងារ គ.វ.ក១៩ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៥) ជូនដល់មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាពចំនួន២ ទីតាំងដែលទីតាំងទី១ ស្ថិតនៅសាលសិក្ខាសាលាព្រឹទ្ធសភា និងទីតាំងទី២ ឋិតនៅមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក។
លោកស្រីវេជ្ជបណ្ឌិត ក៏បានក្រើនរំលឹកដល់មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាពទាំងអស់ឲ្យចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ (ដូសជំរុញ) ឲ្យបានគ្រប់ៗគ្នា បើទោះបីជាប្រទេសកម្ពុជារបស់យើង មិនមាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៦៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,២០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៣,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៧,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,០៧%៕
ដោយ ៖ សិលា