ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅអាមេរិក ស្លាប់៣នាក់ ប៉ូលិសម្នាក់រងរបួស

ចែករំលែក៖

ក្រោយបាញ់ប្រហារនៅក្រុមហ៊ុនមួយក្នុងរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិករួចហើយ ខ្មាន់កាំភ្លើងបានបន្តបាញ់ប្រហារទៅលើកម្លាំងប៉ូលិសក្នុងពេលដែលប៉ូលិសតាមចាប់ខ្លួន ។ បើទោះបីជារងរបួសក្តី ក៏ប៉ូលិសបានបន្តបាញ់ប្រហារសម្លាប់ជនដៃដល់ដែរ។
សារព័ត៌មាន AP បានផ្សាយថា បុរសម្នាក់បានបាញ់ប្រហារទៅលើក្រុមហ៊ុនផលិតមានឈ្មោះថា Columbia Machine Inc ក្នុងតំបន់ Smithsburg ស្ថិតនៅតំបន់ជនបទភាគខាងលិច រដ្ឋម៉ារីឡែន នៅថ្ងៃទី៩ខែមិថុនា បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់និងម្នាក់រងរបួស ។
តាមការប្រកាសព័ត៌មានពីស្នងការប៉ូលិស ម៉ារីឡែន បានឱ្យដឹងថា ជនរងគ្រោះ៣នាក់ស្លាប់នៅកន្លែងកើតហេតុ។ ជនដៃដល់បានគេចខ្លួនតាមរថយន្ត ក៏ត្រូវកម្លាំងប៉ូលិសម៉ារីឡែនតាមចាប់ខ្លួន។
សារព័ត៌មាន AP បានដកស្រង់ការប្រកាសរបស់អភិបាលរដ្ឋម៉ារីឡែន លោក Larry Hogan ដែលបានឱ្យដឹងថា ជនដៃដល់បានបាញ់ប្រហារទៅលើកម្លាំងប៉ូលិសក្នុងពេលត្រូវឡោមព័ទ្ធមិនអាចគេចខ្លួនបាន។
នៅពេលនេះមន្ត្រីទទួលខុសត្រូវ កំពុងតែស្រាវជ្រាវថា តើជនរងគ្រោះ និងជនដៃដល់គឺជាបុគ្គលិករបស់ក្រុមហ៊ុន Columbia Machine Inc ដែរឬទេ។ អ្នកនាំពាក្យក្រុមហ៊ុន Columbia Machine Inc បានប្រកាសថា ក្រុមហ៊ុននឹងសហការជាមួយកម្លាំងជំនាញដើម្បីស្រាវជ្រាវពីករណីខាងលើ ។
ក្រុមហ៊ុន Columbia Machine Inc មានឯកទេសផលិតសម្ភារសំណង់ដែលបានផ្គត់ផ្គង់ដល់អតិថិជនជាង១០០ប្រទេស៕

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖