ខេត្តពោធិ៍សាត់៖ បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យបានឱ្យដឹងថា កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានចុះល្បាតតាមគោលដៅសំខាន់ៗពេលយប់ក៏បានធ្វេីការបង្រ្កាបនិងឃាត់ជនសង្ស័យជាមុខសញ្ញាមានដីកាចាប់ខ្លួនពីបទជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅចំណុចភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ អ៊ុល ហៃ បានបន្តថា កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យចំនួន០២នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃី ហៀញ បានចុះល្បាតតាមគោលដៅសំខាន់ៗនៅក្នុងឃុំតាលោ រហូតដល់វេលាម៉ោង១០និង១៥នាទីយប់ក៏បានប្រទះឃើញមុខសញ្ញាមានដីកាចាប់ខ្លួន០១នាក់ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ សេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដែលមានដីកាចាប់ខ្លួនលេខ១៤១ ច/ខ ២១ ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០២១ ដោយលោក កួច ស៊ុនមិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ ដែលចោទប្រកាន់ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិគោករលំ ឃុំតាលោ កាលពីថ្ងៃទី១១ខែមេសាឆ្នាំ២០២១។
បច្ចុប្បន្នជនសង្ស័យមានដីកាចាប់ខ្លួន ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីរៀបចំតាមនីតិវិធី៕
ដោយ៖អារុណរះ