ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង នៅស្រុកថ្មគោល​ ត្រូវ​បានអគ្គិភ័យលេបត្របាក់ខ្ទេចទាំងស្រុង

ចែករំលែក៖

     ខេត្ត​បាត់ដំបង ៖ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួ​ន០៣ខ្នង​ បានរងការខូចខាតទាំងស្រុង០២ខ្នង និងខូចខាត២០% ចំនួន០១ខ្នង​ ក្នុងករណីអគ្គិភ័យមួយកើតឡើង បណ្តាលឱ្យឆេះផ្ទះរបស់ពួកគាត់​ កាលពីវេលាម៉ោង​ ១០យប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចក្រុមទី១៦ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានបន្តថា​ ម្ចាស់ផ្ទះ​ខាងលេីនេះ​រួមមាន៖

ម្ចាស់ផ្ទះទី១.ឈ្មោះ ហេង ហៀប ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូងស្រុកថ្មគោល។ ការខូចខាតរួមមាន៖

-ផ្ទះតម្កល់ថ្មក្រោមឈើលើ ទំហំ៨ម៉ែត្រ x ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងថ្មនិងក្តារ (ខូចខាតទាំងស្រុង) -ទូរទឹកកក ០១គ្រឿង (ខូចខាតទាំងស្រុង) -ម៉ាស៊ីនត្រជាក់ ០១គ្រឿង (ខូចខាតទាំងស្រុង) -សម្ភារ:មួយចំនួនធំ (ខូចខាតទាំងស្រុង) ។ សរុបការខូចខាតជាថវិកាប្រហែល ១០០លានរៀល (មួយរយលានរៀល) ។

ម្ចាស់ផ្ទះទី២.ឈ្មោះ ហេង ហុន ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល សម្ភារៈខូចខាតក្នុងគ្រោះអគ្គិភ័យនេះរួមមាន៖-ផ្ទះតម្កល់ទំហំ ៤ម៉ែត្រ X ៥ម៉េត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ (ខូចខាតទាំងស្រុង)-រថយន្តធុនតូច ០១គ្រឿង (ខូចខាតទាំងស្រុង)-ម៉ូតូ ០១គ្រឿង (ខូចខាតទាំងស្រុង)-សម្ភារក្នុងផ្ទះមួយចំនួនធំ (ខូចខាតទាំងស្រុង) ។

សរុបខូចខាតជាទឹកប្រាក់ប្រហែល ១២០លានរៀល (មួយរយម្ភៃលានរៀល) ។ ម្ចាស់ផ្ទះរងគ្រោះទី៣.ឈ្មោះ ហេង ហាក់ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ក្នុងនោះសម្ភារៈដែលខូចខាតរួមមាន៖-ផ្ទះតម្កល់ថ្មក្រោមឈើលើទំហំ ៨ម៉ែត្រ X ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងថ្មនិងក្តារ (ខូចខាត២០%)។ សរុបការខូចខាតជាទឹកប្រាក់ប្រហែល ៤លានរៀល (បួនលានរៀល) ។

លោកអធិការបានបន្ត ឲ្យដឹងថា គ្រោះអគ្គិភ័យលើលំនៅដ្ឋានទាំងបីខ្នងនេះ សរុបការខូចខាតរួមជាទឹកប្រាក់ប្រហែល២២៤លានរៀល (ពីររយម្ភៃបួនលានរៀល) ប៉ុន្តែមិនមានរងរបួសដល់មនុស្សទេ។ ចំពោះមូលហេតុគឹបណ្តាលមកពីឈ្មោះ រីម អ៊ីម ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាប្តីរបស់ឈ្មោះ ហេង ហុន ស្រវឹងស្រាឈ្លោះជាមួយប្រពន្ធក៏ដុតម៉ូតូខ្លួនឯងបណ្តាលឱ្យចេះរាលដាលដល់ផ្ទះខ្លួន និងផ្ទះបងប្អូនបង្កើត០២ខ្នងទៀតតែម្តង។

ក្នុងករណីនេះ កម្លាំងនគរបាលស្រុកថ្មគោលបានអន្តរាគមន៍​ ចេញរថយន្តពន្លត់អគ្គិភ័យស្រុកចំនួន ០១គ្រឿង និងរថយន្តច្នៃដឹកទឹក ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ឡាន (ឡានធំ០២ តូច០២) ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ រីម អ៊ីម ជាអ្នកបង្កអោយមានគ្រោះអគ្គិភ័យខាងលើនេះត្រូវបានកម្លាំងអធិការនគរបាលស្រុកឃាត់ខ្លួនដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖អារុណ​រះ


ចែករំលែក៖