ខេត្តបន្ទាយមានជ័យ ៖ គ្រួសារទីទាលើក្រកូនច្រើនរស់នៅក្នុងបន្ទុកឈ្មោះ វឿន សារឿង អាយុ៤០ឆ្នាំ នៅភូមិអូរស្ងួត ឃុំអូរស្ងួត ស្រុកមង្គលបូរី ។រស់នៅក្នុងសភាព មិនមានមុខរបរច្បាស់លាស់ ប្រភពចំណូលពឹងលើកូនៗ ធ្វើកម្មករនិងដោយមានសមាជិករស់នៅអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន ៦នាក់ (ស្រី ៥នាក់)ក្នុងនោះគាត់ក៏មានជំងឺប្រចាំកាយ ដោយមើលឃើញពីភាពលំបាកគ្មានផ្ទះសំបែងត្រឹមត្រូវ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានសម្រេច ផ្ដើមរកជាងដើម្បីម៉ៅការសាងសង់ផ្ទះថ្មី ១ ខ្នងមានទំហំទទឹង៤ម៉ែត្រ បណ្ដោយ៧ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រ សង់ពីដែក (S) ប្រក់ស័ង្កសីជញ្ជាំងស័ង្កសី បានចាក់សាបស៊ីម៉ងត៍ផ្ទាល់ដីនិងបានសាងសង់បង្គន់អនាម័យមួយខ្នង សរុបចំណាយថវិកាអស់ ២.៤៩៧,១០ ដុល្លារសហរដ្ឋអាមេរិក មូលនិធិសាខាកាកបាទក្រហម ១០០% ។ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ បានធ្វើពិធីប្រគល់ ដោយមានការចូលរួមពីលោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ។
លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ ពិធីប្រគល់ផ្ទះថ្មីព្រមទាំងផ្ដល់នូវសម្ភារៈអំណោយមនុស្សធម៌បន្ថែមនាថ្ងៃនេះ គឺជាផ្ទះនិងអំណោយមនុស្សធម៌លើកទី ៨ ដែលមានលក្ខណៈសមរម្យ រឹងមាំជាប្រភេទផ្ទះតៀម អាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ក្នុងការស្នាក់នៅប្រចាំថ្ងៃហើយការអនុវត្តគម្រោងសាងសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះជម្រក ស្នាក់នៅនេះពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំ។
ក្នុងនាមសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមាន៖ លោកលោកស្រី ប្រជាពលរដ្ឋទាំងអស់ដែលបានបន្តបរិច្ចាគធនធានថវិកា សម្ភារៈចូលរួមគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ធ្វើឱ្យសាខាមានលទ្ធភាពជួយដល់ជនរងគ្រោះ ងាយរងគ្រោះទីទាល់ក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា។ ដែលត្រូវការជំនួយពីកាកបាទក្រហមជូនដល់ពួកគាត់បានធូរស្រាលពីការលំបាក ជាក់ស្ដែងដូចគ្រួសារស្រ្តីឈ្មោះ វឿន សារឿង នាពេលនេះ។ បន្ទាប់ពីពិធីប្រគល់ផ្ទះសាខាកាកបាទក្រហមបានផ្ដល់អំណោយមនុស្សធម៌បន្ថែមរួមមាន ៖ អង្ករ ៥០ គីឡូក្រាម, ត្រីខ ២យួរ, មី ២កេសតូច ,ទឹកត្រី ១យួរ ,មុង ១ ,ភួយ ១, សារុង ១, ក្រមា ១, អាវយឺត ២ ,តង់ប្លាស្ទីក ១ផ្ទាំង ,ធុងទឹកជ័រ ចំណុះ៦០ លីត្រ ១, កន្ទេលជ័រ១, ឆ្នាំង២,ចាន៥ ,ស្លាបព្រា ៥។ ក្នុងនោះផងដែរលោក លោកស្រី បានផ្ដល់នូវអំណោយជូនលោកតាលោកយាយ ចូលរួមម្នាក់ៗទទួលបាន សារុង ១, ក្រមា ១ និងអាវយឺត ២ផងដែរ ៕
ដោយ ៖ វណ្ណា