ភ្នំពេញ៖ ក្រុមយុវជនទំនើងដែល តែងតែបង្កហិង្សាវាយកម្ទេចម៉ូតូគេនៅតាមដងផ្លូវយ៉ាងសាហាវកណ្តាលរាជធានីភ្នំពេញនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានក្រុមក្មេងទំនើង ៨នាក់ និងដកហូតបានម៉ូតូចំនួន៤គ្រឿង ហើយបានយកមកបង្ហាញមុខជាសាធារណៈកាលពីវេលារសៀលថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២២ រួចហើយបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះត្រូវបាននគរបាលឱ្យដឹងថាមាន២ក្រុម គឺទី១-ក្រុមមានគ្នា៤នាក់ ហៅក្រុមក្មេងទំនើងឫស្សីកែវ , ទី២-ក្រុមក្មេងទំនើងYN និងក្រុមក្មេងទំនើងទួលសង្កែ ដែលក្រុមទឺ១មាន១-ឈ្មោះតូច មករា ហៅគឹម ថាក់គូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់នំប៉័ង, ២.ឈ្មោះសុខ សុវណ្ណាមករា ហៅមាក់ ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះហ៊ី ភារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ និង៤-ឈ្មោះ ខៀវ សុវណ្ណារាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរអ្នកដឹកអីវ៉ាន់។ ចំណែកក្រុមទី២ មានគ្នា៤នាក់រហស្សនាមក្រុមក្មេងទំនើងក្រុមដឹកជញ្ជូនអុីហ្គេតមាន១-ឈ្មោះ ហ៊ន សុភក្រ្ត ភេទប្រុស អាយុ២០ឆ្នាំ, ២-ឈ្មោះ ចាន់ រតនៈ ភេទប្រុសអាយុ១៧ឆ្នាំ, ៣-ឈ្មោះ ហួ ហង្សសុវិសាល ភេទប្រុស អាយុ១៧ឆ្នាំ និង៤-ឈ្មោះ កុសល ចុងយាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកដឹកអីវ៉ាន់ក្រុមហ៊ុនអុីហ្គេត។
តាមលោកវរសេនីយ៍ ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ជនសង្ស័យទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ពីបទលួចមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយព្រួតគ្នាយកកាំបិតប៉័តតោធ្វើសកម្មភាពកាប់ម៉ូតូគេបណ្តាលឱ្យខូចខាតចំនួន០៤គ្រឿង និងបាក់ដាច់កន្ទុយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១FM-២៥៥២មួយគ្រឿង រួចលួចយកកន្ទុយម៉ូតូទៅបាត់ ប្រព្រឹត្តនៅចំណុចមុខស្ថានីយប្រេងឥន្ធនៈកាល់តិច ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ។
ដោយឡែកករណីទី២ ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកកាំបិត ដុំថ្ម ខ្សែក្រវាត់ មួកសុវត្ថិភាព ធ្វើសកម្មភាពកាប់ គប់ និងវាយទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសដៃ និងយកកាំបិត ដុំថ្ម ធ្វើសកម្មភាពកាប់និងគប់ម៉ូតូបណ្តាលឱ្យបែកចង្កៀងខាងមុខ បែកស្តុបឆ្វេង ស្តុបខាងក្រោយម៉ូតូ និងបែកកុងទ័រ ប្រព្រឹត្តនៅចំណុចមុខហាងនំប៉័ងបាយ័ន ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ។
លោកនាយការិយាល័យបានឱ្យដឹងទៀតថា នៅក្នុងសកម្មភាពនោះ ជនសង្ស័យមានបក្សពួកប្រមាណជាង២០នាក់ បានព្រួតគ្នាដេញវាយយ៉ាងប្រសាចនៅតាមដងផ្លូវ កាប់កម្ទេចម៉ូតូជនរងគ្រោះតែម្តង ។បន្ទាប់ពីមានអំពើហិង្សា សមត្ថកិច្ចក៏បានស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់មាន២ក្រុមផ្សេងគ្នា ។
បច្ជុប្បន្នក្រុមក្មេងទំនើងទាំងនេះត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសូរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា