ប្រទេសជប៉ុន ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ តាមការអញ្ជើញរបស់សកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា នៅទីក្រុងតូក្យូ លោក ទុយ រី ឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមពិធីរំឭកពីស្នាដៃ របស់ លោក អ៊ីម៉ាហ្កាវ៉ា យូគីអុ អតីតឯកអគ្គរាជទូតជប៉ុនទីមួយប្រចាំព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩២ ដល់ ឆ្នាំ ១៩៩៦ ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ ។
លោកស្រី អ៊ីម៉ាហ្កាវ៉ា ស៊ុមិកុ ភរិយារបស់ លោក អ៊ីម៉ាហ្គាវ៉ា បណ្តាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងការបរទេសជប៉ុន និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រហែល ៥០នាក់ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ ។
ក្នុងឱកាសនោះ លោក ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានថ្លែងចំណាប់អារម្មណ៍ កោតសរសើរពីស្នាដៃ និងរំព្ញកពីឣនុស្សាវរីយ៍ និងសមិទ្ធិផលនានា របស់លោក អ៊ីម៉ាហ្កាវ៉ា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ក៏ដូចជាការខិតខំបំពេញកិច្ចការងារ ក្នុងបំណងលើកកម្ពស់ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ក្នុងឣំឡុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា ៕
ដោយ ៖ សិលា