ព័ត៌មានទាន់ហេតុការណ៍៖

អតីតស្នងការរងខេត្តកណ្ដាល​លោកឧត្ដមសេនីយ៍​ត្រី​ ស្រេង សុខា ត្រូវបានសមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ចាប់ខ្លួននៅថ្ងៃទី​១២​ ខែ​ មិថុនានេះ

ចែករំលែក៖

ខេត្តកណ្តាល ៖ ប្រភព​ចច្បាស់ការណ៍ពី​ សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ​បាន​ឱ្យដឹងថា​ អតីតស្នងការរងខេត្តកណ្ដាល​ លោកឧត្ដមសេនីយ៍​ត្រី​  ស្រេង សុខា ត្រូវបានសមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ចាប់ខ្លួននៅថ្ងៃទី​១២​ ខែ​ មិថុនា​ ឆ្នាំ​២០២២​នេះ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​ រួចបញ្ជូនទៅ​កាន់​ពន្ធនាគារ​ខេត្ត​កណ្ដាល  យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ដែលបានចេញកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ 

    គេនៅចាំបានថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ លោកទេសរដ្ឋមន្ត្រី ​ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងពុករលួយ ហៅកាត់ថា ACU ប្រកាសថា ការសម្ងែងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់របស់លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល គឺមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទេ ។

    កាលនោះនៅក្នុងសន្និសីទកាសែតមួយ លោក ឱម យ៉ិនទៀង ថ្លែងថា “​គាត់​ខុស គឺ ការ​សម្ញែង​ទ្រព្យ​ ។ នៅ​ហុងកុង នៅ​ប្រទេស​មួយចំនួនទៀត ច្បាប់​ប្រឆាំង​អំពើពុករលួយដាក់ទោស​មន្ត្រីរាជការ ដែល​សម្ញែង​ទ្រព្យ​ជាប់គុក ។ ប៉ុន្តែ​ស្រុក​ខ្មែរ​អត់​ជាប់គុក​ទេ គ្រាន់តែ​រាជរដ្ឋាភិបាល​បណ្ដេញចេញ ។ នៅ​កម្ពុជា​អត់​មានច្បាប់​ដាក់គុកករណី​សម្ញែង​ទ្រព្យ​នោះទេ”។​

   ទោះបីយ៉ាងណា នៅពេលនេះលោក ស្រេង សុខា បានលេចចេញបញ្ហាដ៏ធំមួយទៀតហើយ គឺការរំលោភដីរដ្ឋជាង២០ហិកតាក្នុងចំណោមដីរដ្ឋសរុបជាង៤០ហិកតា នៅក្នុងភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ប៉ុន្តែ បញ្ហានេះ លោកស្រេង សុខា បានចេញមុខបដិសេធភ្លាមៗផងដែរ ។

រឿងរ៉ាវនេះ គឺធ្លាយចេញពីមាត់លោកម៉ៅ ភិរុណ កាលជំនាន់នៅជាអភិបាលខេត្តកណ្តាល ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល​ឱ្យទាល់តែបាន ព្រោះថ្លើមធំខ្លាំងណាស់ ហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ឱ្យកាត់ដីរដ្ឋជាង២០ហិកតា ក្នុងដីរដ្ឋសរុបជាង៤០ហិកតា។

    លោក ម៉ៅ ភិរុណ ក្នុងតំណែងជាអភិបាលខេត្តកណ្តាលនៅឡើយបានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត និងកណ្តាលចំណោម មនុស្សជាង៧០០នាក់កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល ។

    ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងប្រាប់អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”  កាលពីរសៀលថ្ងៃទី៥ ខែមីនា កន្លងទៅ ថា លោក ម៉ៅ ភិរុណ ពិតជាបានបញ្ជាលោកបែបនេះមែន ។ លោក ឈឿន សុចិត្ត អះអាងថា ពេលនេះលោកកំពុងចាត់ការករណីនេះហើយ ។

    ដោយឡែកមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” នៅពុំទាន់សុំការបញ្ជាក់បន្ថែមទៀតពីលោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល និងលោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់បាននៅឡើយទេ ដោយសារគ្មានលេខទូរស័ព្ទ។ 

    ប្រភពព័ត៌មានច្បាស់ការណ៍ថ្លែងប្រាប់ ថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល បានយកអំណាចខ្លួននិងយកឈ្មោះលោក ម៉ៅ ភិរុណ កាលនៅជាអភិបាលខេត្តកណ្តាល ទៅគំរាមលោកឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ឱ្យសុីញ៉េយកដីសម្បត្តិរដ្ឋ ជាង២០ហិកតា ក្នុងដីរដ្ឋសរុបជាង៤០

ហិកតា នៅភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    ទោះបីយ៉ាងណា ក្រោយមានការផ្សព្វផ្សាយព័ត៌មានទាំងនេះ លោក ស្រេង សុខា បានចេញមុខបដិសេធភ្លាមៗថា លោកមិនបានរំលោភយកដីរដ្ឋដូចការចោទប្រកាន់ទេ ហើយក៏មិនបានប្រើឈ្មោះលោក ម៉ៅ ភិរុណ ដើម្បីគំរាម លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ឱ្យសុីញ៉េយកដីសម្បត្តិរដ្ឋជាង២០ហិកតាដែរ ។

លោកអះអាងថា ដីទាំងនេះគឺជារបស់លោកដែលបានទិញជាយូរមកហើយ ហើយអ្វីៗធ្វើតាមនីតិវិធី នៃច្បាប់ភូមិបាលទាំងអស់ ។

   ទីបំផុត ! អតីតស្នងការរងខេត្តកណ្ដាល​ លោកឧត្ដមសេនីយ៍​ត្រី​  ស្រេង សុខា ត្រូវបានសមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ចាប់ខ្លួននៅថ្ងៃទី​១២​ ខែ​ មិថុនានេះ អាចបញ្ជូនដាក់ពន្ធនាគារ ខេត្តកណ្តាលតាមអំណាចដីកាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ។

និយាយរួម បុគ្គលរូបនេះមានរឿងអាស្រូវច្រើនណាស់ ដែលថ្នាក់ដឹកនាំបានចេញលិខិតព្រមានជាញឹកញាប់៕ 

ដោយ ៖ សិលា


ចែករំលែក៖