ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅគ្រាដែលសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ និងអ្នករួមដំណើរបានរងរបួស ដោយសាគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក ពេលកំពុងជិះម៉ូតូឆ្លងផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទី រសៀលថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនដំបូងគេឃើញរថយន្ត១គ្រឿងម៉ាក ហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D 5877 ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុ បានជ្រុលបុកអ្នកជិះម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសចំនួន២នាក់ហើយបានស្លាប់១នាក់ពេលបញ្ជូនទៅសង្រ្គោះ ។
ជនរងគ្រោះ(ស្លាប់)ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BE 4539 ឈ្មោះ ជា ប៊ុនជិន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងអ្នករួមដំណើររងរបួស(កូន)ឈ្មោះ ជា ស្រីនាង ភេទស្រី អាយុ ១០ឆ្នាំ ។
ប្រភពនានាដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)និងរងរបួស សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុត្រឹមត្រូវ ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត យកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរង់ចាំបន្តនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន