ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងបង្កើនសមត្ថភាពទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង

ចែករំលែក៖

ក្នុងពេលដែលកូរ៉េខាងជើង បង្កើនសកម្មភាពយោធា ពិសេសគឺការសាកល្បងកាំជ្រួចមីស៊ីលអត់ឈប់ឈរ ហើយមានសកម្មភាពត្រៀមសាកល្បងអាវុធបរមាណូទៀតផង ។ ទាំងនោះហើយបានជាកូរ៉េខាងត្បូងខិតខំពង្រឹងសមត្ថភាពការពារជាតិ និងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង។
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup នៅថ្ងៃទី១២ខែមិថុនា បានថ្លែងថា ប្រទេសរបស់លោកនឹងពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ខ្លួនឱ្យបានខ្លាំងក្លា ហើយធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងជប៉ុន ដើម្បីប្រឆាំងទប់ទល់នឹងការគំរាមកំហែង នៃមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ថ្លែងក្នុងអំឡុងកិច្ចប្រជុំសន្តិសុខសងគ្រីឡា (Shangri-La) នៅសិង្ហបុរី លោក Lee បានលើកឡើងថា ស្ថានការណ៍នៅឧបទ្វីបគឺកំពុងបង្កការគំរាមកំហែងជាសកល ហើយលោកទទូចឱ្យកូរ៉េខាងជើង បញ្ឈប់ជាបន្ទាន់នូវកម្មវិធីអភិវឌ្ឍន៍មីស៉ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោកប្រមុខការពារជាតិកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលយើងនឹងពង្រឹងសមត្ថភាពការពារជាតិ ហើយបន្ថែមពីនេះ យើងនឹងព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី រវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីទប់ទល់និងឆ្លើយតបចំពោះការគំរាមកំហែងនៃមីស៉ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។
ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានធ្វើតេស្តអាវុធយ៉ាងហោចណាស់ក៏១៨លើកដែរ ដែលជាការស្តែងឱ្យឃើញពីភាពរីកចម្រើននៃមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់ប្រទេសឯកោមួយនេះ។ ចំណែកសហរដ្ឋអាមេរិកក៏បានអះអាងជាដដែលៗផងដែរថា ទីក្រុងព្យុងយ៉ាងកំពុងត្រៀមលក្ខណៈដើម្បីធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាលើកទី៧ ហើយបានព្រមានថានឹងជំរុញជាថ្មីម្តងទៀតឱ្យមានការដាក់ទណ្ឌកម្មពី UN ប្រសិនបើវាកើតឡើងមែននោះ៕ ដោយ៖ ធីរីណា

រូបថត​៖ AFP/TTXVN


ចែករំលែក៖