ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុបថា សម្រាប់អឺរ៉ុបផ្តល់សិទ្ធិអ្វីជាអាទិភាពមិនដឹងទេ តែសម្រាប់កម្ពុជា ផ្តល់អាទិភាពលើសិទ្ធិរស់រានមានជីវិត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីពុតត្បុតទុច្ចរិតរបស់ក្រុមប្រឆាំងលើនយោបាយវ៉ាក់សាំង។ ដំបូងគេហាម ពលរដ្ឋមិនឱ្យទៅទទួលវ៉ាក់សាំង បន្ទាប់មកគេរុញពលរដ្ឋឱ្យទៅដណ្ដើមវ៉ាក់សាំងនៅពេលកម្ពុជាកំពុងខ្វះ វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ភាពពិសពុល ឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងលើការចាក់វ៉ាក់សាំងត្រូវបរាជ័យ ព្រោះតែសិល្បៈនៃការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាល។ សម្តេចតេជោបានថ្លែងបែបនេះ ខណៈដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលដែលមានសិក្ខាកាមជាង២ពាន់នាក់នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយទម្លាក់អំណាចទៅថ្នាក់ក្រោមជាតិជាការរួមចំណែកធ្វើឱ្យកម្ពុជាអាចគ្រប់គ្រង និងយកឈ្នះលើសមរភូមិកូវីដ-១៩ ហើយសម្តេចសរសើរការប្រតិភូកម្មអំណាចពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិធ្វើបានជោគជ័យ ហើយសម្តេចតេជោតែងសួរនាំជាប្រចាំទៅ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រឿងការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។
ផ្តើមចេញពីបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័ននានា ទម្លាក់អំណាចទៅមន្ត្រីថ្នាក់ក្រោមជាតិ ។
សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា អ្វីដែលយើងធ្វើបានការទប់ស្កាត់ជំងឺកូវីដ-១៩ គឺមកដល់ថ្ងៃនេះ ៣៧ថ្ងៃហើយ ដែលគ្មានកូវីដ-១៩ឆ្លង។
សូមបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២៖
-លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន ១០៣,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់។
-លើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ១០០,៦៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។
-លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,២៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៣,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។
-លើកុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ មាន ៦៧,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាន នាក់ មាន ៩៤,១០%៕
ដោយ ៖ សុខ ខេមរា