ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ កុំថាឡើយដូសទី៥ ដូសទី២០ ក៏មិនយកប្រាក់ពីប្រជាពលរដ្ឋដែរ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា,  កុំថាឡើយដូសទី៥ ដូសទី២០ ក៏មិនយកប្រាក់ពីប្រជាពលរដ្ឋដែរ។ សម្តេចតេជោថ្លែងបែបនេះ ខណៈ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាបានប្រើអស់សមត្ថភាព កម្លាំងកាយចិត្ត និងលទ្ធភាព ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ សម្តេចបញ្ជាក់ថា បើយើង​ពឹង​តែ​ទៅ​លើក្រសួងសុខាភិបាល តែម្នាក់ឯង យើង​មិន​អាច​ទ្រទ្រង់​សភាពការណ៍​នេះ​បាន​ឡើយ​។​

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គឺ​ជា​វ៉ាក់សាំង​មនុស្សធម៌ សប្បុរសធម៌ ដែលប្រជាជនណាក៏ដោយ ,មាននិន្នាការនយោបាយអ្វីក៏ដោយ, មាន​ជំនឿសាសនាណាក៏ដោយ សុទ្ធតែអាចទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយ​ស្មើភាព និង​គ្មាន​ការ​រើស​អើង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា យើងមានវ៉ាក់សាំងកូវីដ-១៩ ហើយ បើ​គ្មាន​សិល្បៈ ក្នុងការចាក់វ៉ាក់សាំងទេ យើងក៏មិនអាចធ្វើឱ្យមានភាពស៊ាំសហគមន៍បានដែរ។ សម្តេច​តេជោ​បន្តថា យុទ្ធសាស្ត្រ និងសិល្បៈចាក់វ៉ាក់សាំងកូវីដ-១៩ របស់កម្ពុជា គឺ​ចាក់​ស្រោច​នៅ​ភ្នំពេញ​ និងខេត្តកណ្តាល តាមរបៀប«ផ្ការីក»។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីសិទ្ធិរស់រានមានជីវិត ក្នុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ដោយកម្ពុជា​បាន​អនុវត្តន៍​វិធាន​ការ​នានា​ ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ការស្លាប់​ដោយ​រង្គាលពីជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន​ សែន​ បញ្ជាក់បន្ថែមថា «មុននឹងនិយាយដល់សិទ្ធិផ្សេងៗទៀត គឺត្រូវ​និយាយ​ពី​សិទ្ធិ​រស់​រាន​មានជីវិតជាមុនសិន»។

ជាមួយគ្នានេះដែរ​សម្តេចតេជោ ហ៊ុន សែន បានរម្លឹកពីដំណើរការដំបូង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកាលណោះមានការបំផុស​ បំពុលព័ត៌មាន និងសភាពការណ៍ពាក់ព័ន្ធ នឹង​ដំណើរ​ការ​ចាក់​វ៉ាក់សាំងកូវីដ-១៩នេះ។ ទោះជាបែបណាក៏ដោយ អ្នកដែលប្រឹងបំផុស បំពុល​ព័ត៌មាន​ទាំង​នោះ បាន​នាំ​គ្នាមកចាក់វ៉ាក់សាំង និងដណ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ទៅវិញ។

សម្តេចតេជោ៖ មន្ត្រីត្រូវរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍លើកឡើងថា,  រយៈពេល ៣៧ថ្ងៃហើយ ដែលកម្ពុជា មិនមានករណីឆ្លងកូវីដ១៩។

សម្តេចតេជោថ្លែងថា ៖ គេគួរតែផ្តល់តម្លៃចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជា ដែលមិនមានការប្រកាន់និន្នាការនយោបាយ។

សម្តេចតេជោសង្កត់ធ្ងន់ថា ៖ យើងមិនទាន់ដឹងថា តើកូវីដ១៩នេះ​ ពេលណាចប់នោះទេ ដូច្នេះហើយយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច។ ដោយឡែកសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ថ្លែងថា ៖ វិបត្តិស្បៀង នឹងក្លាយទៅជាវិបត្តិសាកលនាពេលខាងមុខ ។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន១៦០នាក់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖