ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកជាថ្មីនូវរឿង «មន្ត្រីគ្រាប់ល្ពៅ» ដល់មន្ត្រីបណ្ដុះបណ្ដាលថ្មីដែលបានបិទវគ្គ និងបើកវគ្គសិក្សាថ្មីឱ្យមន្ត្រីប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងហ៊ាននិយាយការពិត។
សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិទានរឿងនេះជាថ្មីដើម្បីរម្លឹកកុំឱ្យមន្ត្រីលុះដល់ល្បិច បម្រើជាតិប្រជាជនដោយស្មោះត្រង់។
សម្ដេចតេជោ ហ៊ុនសែន បានបន្ថែមថា៖ «គេស្នេហាជាតិពិតប្រកដគេមិនដែលថាខ្លួនគេជាអ្នកស្នេហាជាតិទេ គេប្រើនូវទង្វើរជាក់ស្ដែង។ គេស្រលាញ់ ការពារព្រះមហាក្សត្រ រាជានិយមពិតប្រាកដ គឺមិនដែលថាខ្លួនជាស្នេហាព្រះមហាក្សត្រទេ គឺធ្វើនូវទង្វើជាក់ស្ដែង»។
សម្ដេចតេជោ ថ្លែងបែបនេះនៅចំពោះមុខសិស្សសាលាភូមិន្ទរដ្ឋបាលដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែមិថុនា ឆ្នាំ២០២២។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅអ្នកដែលរិះគន់រឿងប្រេងឥន្ធនៈឡើងថ្លៃនៅកម្ពុជា ថា វាគឺជាវិបត្តិកើតឡើងនៅទូទាំងពិភពលោក ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ សម្ដេចបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅបារាំងមានតម្លៃប្រមាណជា ១ម៉ឺនរៀលក្នុងមួយលីត្រ ហើយនៅអាមេរិកក៏មានតម្លៃកើនខ្ពស់ជាងនៅប្រទេសកម្ពុជាផងដែរ និយាយជារួមតម្លៃប្រេងឥន្ធនៈនេះ បានកើតឡើងទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិបត្តិស្បៀង និងថាមពល ដោយសារជម្លោះប្រដាប់ អាវុធ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាវិបត្តិដ៏ធំ មានវិសាលភាពទូទាំងពិភពលោក ហើយកម្ពុជា ក៏បានត្រៀមទប់ទល់នឹងវិបត្តិនេះផងដែរ។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសត្រៀមកញ្ចប់ថវិកាមួយចំនួនធំបន្ថែមទៀត ដើម្បីគាំពារសង្គមពីវិបត្តិសកលលោកនានា រួមទាំងវិបត្តិចាស់ដោយសារកូវីដ-១៩ និងវិបត្តិសកលថ្មី ដែលបណ្តាលមកពីសង្គ្រាមអូសបន្ទាយរវាងរុស្ស៊ី និងអ៊ុយក្រែន៕
ដោយ ៖ សុខ ខេមរា