ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥ នាទី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ ចំនួន១៣ ដែលមានទឹកប្រាក់ចំនួន ៤.៣៣៥.៩០០ដុល្លារអាមេរិក នៅទីស្ដីការក្រសួង។
ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
ការចុះហត្ថលេខានេះ គឺក្រោមក្របខណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គម្រោងកម្ពុជា ចំនួន១៣ នឹងត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួន ៤.៣៣៥.៩០០ ដុល្លារ អាមេរិក ភាគច្រើនគ្របដណ្ដប់លើសកម្មភាពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍និងការគ្រប់គ្រងព្រំដែន ៕
ដោយ ៖ សិលា