ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំគីម ជុងអ៊ុន ចេញបញ្ជាឱ្យបង្ក្រាបលើក្រុមមន្ត្រី«មិនសមរម្យ និងមិនស្របតាមមាគ៌ាបដិវត្តន៍»

ចែករំលែក៖

សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យមានការបង្រ្កាបលើក្រុមមន្ត្រីដែលរំលោភលើអំណាចរបស់ខ្លួន និងប្រព្រឹត្តអំពើ «មិនសមរម្យ និងមិនស្របតាមមាគ៌ាបដិវត្តន៍» ខណៈដែលលោកកំពុងព្យាយាមស្វែងរកសាមគ្គីផ្ទៃក្នុងឱ្យកាន់តែខ្លាំងឡើង ដើម្បីយកឈ្នះលើការឆ្លងរាតត្បាតជំងឺ COVID-19 និងវិបត្តិសេដ្ឋកិច្ច។
គេមិនដឹងច្បាស់ទេថា សកម្មភាពជាក់លាក់ណាខ្លះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំគណបក្សពលករ ដែលជាបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះទេ។ ប៉ុន្តែការបង្រ្កាបរបស់រដ្ឋដែលអាចកើតមានឡើង អាចជាការប៉ុនប៉ងដើម្បីពង្រឹងការគ្រប់គ្រង និងពង្រឹងអំណាចរបស់លោកគីម។
បើតាម KCNA លោក គីម និងលេខាធិការជាន់ខ្ពស់ផ្សេងទៀតរបស់គណបក្ស បានពិភាក្សាអំពី «ការតស៊ូឱ្យកាន់តែខ្លាំងឡើងប្រឆាំងនឹងទង្វើដែលមិនសមរម្យ និងមិនស្របតាមមាគ៌ាបដិវត្តន៍ រួមទាំងការរំលោភបំពានលើអំណាច និងការិយាធិបតេយ្យដែលបានបញ្ចេញឱ្យឃើញក្នុងចំណោមក្រុមមន្ត្រីបក្សមួយចំនួន»។
លោក គីម បានបញ្ជាឱ្យអាជ្ញាធរនៃគណៈកម្មការសវនកម្មរបស់គណបក្ស និងប្រព័ន្ធត្រួតពិនិត្យវិន័យក្នុងស្រុកផ្សេងទៀត ពង្រឹងសមត្ថភាពដើម្បីលើកកម្ពស់ «ការដឹកនាំ និងសកម្មភាពនយោបាយដ៏ទូលំទូលាយរបស់គណបក្សតាមរយៈប្រព័ន្ធត្រួតពិនិត្យវិន័យដ៏រឹងមាំ»៕ ដោយ៖ ធីរីណា

រូបថត​ ៖ ​TTXVN-VNA


ចែករំលែក៖