ខេត្តកណ្ដាល ៖ ជនសង្ស័យ៣នាក់ លួចសំបកកង់រថយន្តចាស់ៗរបស់ក្រុមហ៊ុន7NG ដែលក្រុមហ៊ុនបានប្រមូលទិញបាន បម្រុងដឹកចេញទៅក្រៅ តែចៃដន្យសន្តិសុខយាមកាមឃើញទាន់ ឃាត់ខ្លួនប្រគល់ឲ្យតំណាងក្រុមប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការបន្ត។ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២០និង៤៥នាទីយប់ ចំណុចក្រុមហ៊ុន7NG ភូមិ វិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះតំណាងឲ្យក្រុមហ៊ុនឈ្មោះ ប៉ែន សាម៉េត ភេទ ប្រុស អាយុ៤៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកសន្តិសុខក្រុមហ៊ុន 7NG មានទីលំនៅភូមិតាកេរថ្មី សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ចំណែកជនសង្ស័យ ចំនួន ០៣នាក់ ទី១-ឈ្មោះ ហឿន ផាន់ណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ធ្យូង មានទីលំនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ,ទី២-ឈ្មោះ ថន ចាន់ណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ធ្យូង មានទីលំនៅភូមិមជ្ឈឹមភាគ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ,ទី៣-ឈ្មោះ រុន រ៉ាន់ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ធ្យូង មានទីលំនៅភូមិមជ្ឈឹមភាគ ឃុំអញ្ចើមស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ វត្ថុតាងចាប់យក៖ ១-សំបកកង់រថយន្ត ចំនួន៦៧គ្រាប់ (ប្រភេទកង់រថយន្តយីឌុក) (ជារបស់ជនរងគ្រោះ), ២-ម៉ូតូសណ្ដោងរ៉ឺម៉ក ចំនួន ០៣គ្រឿង (ជារបស់ជនសង្ស័យ) ។
ប្រភពដដែលបន្តថា រយៈពេល០៦ឆ្នាំមកហើយ ក្រុមហ៊ុន7NG បានទិញសំបកកង់រថយន្តចាស់ៗប្រភេទយីឌុកជាច្រើនយកមកធ្វើទីលានប្រណាំងម៉ូតូ ។ កន្លងមកសំបកកង់រថយន្តទាំងនោះធ្លាប់បាត់ជាច្រើនផងដែរ ។ លុះមកដល់ថ្ងៃទី១១ខែមិថុនា២០២២ វេលាម៉ោង ១៩:៣០នាទី សន្តិសុខក្រុមហ៊ុន7NG ចំនួន០៤នាក់ដឹកនាំដោយឈ្មោះ ប៉ែន វិច្ឆិកា បានដើរល្បាតក្នុងបរិវេណក្រុមហ៊ុន7NG ស្រាប់តែឃើញជនសង្ស័យចំនួន ០៤នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កចំនួន ០៣គ្រឿងដឹកសំបកកង់រថយន្តចាស់ៗដែលជារបស់ក្រុមហ៊ុនចេញពីទីលានប្រណាំងម៉ូតូចំងាយប្រហែល១០០ម៉ែត្រ សន្តិសុខក្រុមហ៊ុនក៏ឃាត់ជនសង្ស័យបានចំនួន ០៣នាក់ និងយករ៉ឺម៉កម៉ូតូរបស់ជនសង្ស័យចំនួន០៣គ្រឿងនេះ ព្រមទាំងសំបកកង់រថយន្តចំនួន ៦៧គ្រាប់ប្រគល់ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលវិហារសួគ៌ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី៕
ដោយ៖ស្អាង ជ័យ