ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្តីសុំស្លាប់ទៅតាមអតីតប្រពន្ធ តែវាសនាតម្រូវឱ្យជាប់គុក ព្រោះបាញ់សម្លាប់អតីតប្រពន្ធនៅចាក់អង្រែក្រោម ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ តុលាការបានសម្រេច ឃុំខ្លួនអតីតប្តី ដែលបានបាញ់សម្លាប់អតីតប្រពន្ធ បណ្តាលឲ្យស្លាប់ នៅខណ្ឌមានជ័យហើយ ក្រោមការចោទប្រកាន់ពីបទ អំពើឃាតកម្មដោយគិតទុកជាមុន និង កាន់កាប់អាវុធដោយខុសច្បាប់ ។

សូមបញ្ជាក់ថា អតីតប្តីបានបាញ់សម្លាប់អតីតប្រពន្ធ បណ្តាលឲ្យស្លាប់ នៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា អតីតប្រពន្ធនោះ មានឈ្មោះ នូ សុជាតា អាយុ ២២ឆ្នាំ បម្រើការ នៅណាហ្គាវើលដ៍។ ចំណែកជនសង្ស័យជាអតីតប្តី ឈ្មោះ ជា អូន អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ នៅម្តុំ ផ្សារដីហុយ។

សូមរំលឹកថា អ្នកទាំង២ មានបានចាប់ដៃជាប្តីប្រពន្ធ បានកូនប្រុស អាយុ ១ខួប ៩ខែ។ ពួកគេបានលែងលះគ្នា ដាច់ស្រេច អស់រយៈពេល ៣ខែ កន្លងទៅហើយ ដោយដឹងលឺត្រឹមសាលាសង្កាត់ ព្រោះចំណង អាពាហ៍ពិពាហ៍របស់អ្នកទាំង២ មិនមានចុះអេតាស៊ីវិល ឬសំបុត អាពាហ៍ពិពាហ៍នោះឡើយ។

បើតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ អតីតប្ដី បានទៅផ្ទះរបស់ប្រពន្ធ ហើយក៏បានកើតជាទំនាស់ពាក្យសម្តី ឈ្លោះប្រកែកគ្នាខ្លាំង ដោយសារប្រចណ្ឌរឿងអតីតប្រពន្ធ មានសា ហាយស្មន់ ដែលនាំឱ្យលែងលះ។ ក្រោយឈ្លោះប្រកែកសម្តីគ្នា មួយប្រាវ អតីតប្តីក៏បាននាំអតីតប្រពន្ធ ចូលបន្ទប់ ដើម្បីនិយាយ វែកញែករឿងដដែលខាងលើ។

ខណៈនោះ បងប្រុសបង្កើតជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ដែរ ដើម្បីជួយសម្របសម្រួល តែត្រូវជនសង្ស័យ ជាអតីតប្ដី ដក កាំភ្លើងខ្លី ម៉ាក K59 ភ្នង់ទៅលើបុរសជាបង និងគំរាមឲ្យចេញពីបន្ទប់ កុំឲ្យចេះដឹង រឿងប្ដីប្រពន្ធរបស់ពួកគេ។

ភ្លាមនោះ បុរសជាបង ក៏បានដើរចេញទៅវិញ ដោយបានបីកូន ប្រុសតូចរបស់ពួកគេ ចេញពីបន្ទប់ ហើយរំពេចនោះ ជនសង្ស័យ ក៏បានបាញ់សម្លាប់អតីតប្រពន្ធ ចំសៀតផ្កា បណ្តាលឲ្យស្លាប់ នៅលើគ្រែតែម្តងទៅ។

ភ្លាមៗ ជនសង្ស័យ មិនបានរត់គេចទៅណាឡើយ ហើយ សាច់ញាតិជនរងគ្រោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ ឃាត់ខ្លួនតែម្តង។

ក្រោយការឃាត់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ជូន ទៅកាន់ប៉ុស្តិ៍ រដ្ឋបាលនគរបាលចាក់អង្រែក្រោម ដើម្បីសាកសួរ និងបន្តនីតិវិធី។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ បានចុះដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច្ច័យពិនិត្យ ទីតាំងកើតហេតុ ក៏ដូចជាសាកសួរ។

នៅជុំវិញសព សមត្ថកិច្ចរកឃើញ គ្រាប់កាទុស ចំនួន ០៤គ្រាប់ ដោយក្នុងនោះ ផ្ទុះមួយគ្រាប់ អត់ផ្ទុះ ០៣គ្រាប់។

ទន្ទឹមនឹងនោះដែរ គេនៅមិនទាន់ដឹងថា គ្រាប់កាទុសទាំង ០៤គ្រាប់ នោះ ជនសង្ស័យបាញ់ទៅលើជនរងគ្រោះទាំង ០៤គ្រាប់ ឬក៏ បាញ់ខ្លួនឯងខ្លះឡើយ។

ដោយឡែក ចំពោះកាំភ្លើង ដែលជនសង្ស័យ បាញ់សម្លាប់អតីត ប្រពន្ធ ក៏មិនទាន់មានប្រភពបញ្ជាក់ពីសមត្ថកិច្ចថា បានមកពីណា នោះដែរ។

សូមបញ្ជាក់ថា យោងតាមគណនេយ្យហ្វេសបុកផ្ទាល់ខ្លួនរបស់ អតីតប្តី ដែលមានឈ្មោះ « ជា អូន សន្តិភាព » បានបង្ហោះនៅ លើបណ្តាញសង្គម មុនពេលបាញ់សម្លាប់អតីតប្រពន្ធ ដោយមាន បង្ហោះទាំងថតវីឌីអូប្រពន្ធ និងកូន នៅក្នុងបន្ទប់ ភ្ជាប់ជាមួយនឹង ខ្លឹមសារ សរសេរថា « ខ្ញុំសុំទោសម៉ាក់ប៉ាសងខាង កូនមិនចង់ធ្វើ អញ្ចឹងទេ ព្រោះតែក្តីស្រលាញ់ ខ្ញុំកាត់ចិត្តមិនបាន ហើយប្រពន្ធខ្ញុំ គេមិនផ្ដល់ឱកាសឱ្យខ្ញុំទេ ខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក ខ្ញុំ ប្រាប់ហើយថា កុំឱ្យកុហកខ្ញុំ បំពាន ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់ មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ កូនសុំទោសម៉ាក់ប៉ា ខ្ញុំពិបាកធ្វើ ចិត្តខ្លាំងណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេ សូមម៉ាក់ប៉ាជួយដាក់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិត កូនសុំទោសម៉ាក់ប៉ាពូ មីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង ទ្រព្យដែលខ្ញុំមាន និង ប្រពន្ធខ្ញុំដល់ឱ្យ និងថែរក្សាកូនខ្ញុំផង កូនសុំទោសម៉ាក់ប៉ាពូមីង បងប្អូនទាំងអស់ ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន ។ 

បច្ចុប្បន្នជនជាប់ចោទរូបនេះត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖