ខេត្តបាត់ដំបង ៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ សង្ស័យជាករណីឃាតកម្ម ។ ហេតុការណ៍ខាងលើនេះ បណ្ដាលឱ្យមានការភ្ញាក់ផ្អើល វេលាម៉ោង១រសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុកាលពីពេលព្រលប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ គេបាន ឃើញបុរសខាងលើ មកជួលផ្ទះសំណាក់យីហោផ្ការំចង់ស្ថិតភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នៅបន្ទប់លេខ ៧៧៧៧ ស្នាក់នៅតែម្នាក់ឯង។ លុះម៉ោងប្រហែល ជា ១រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ បុគ្គលិកផ្ទះសំណាក់បានទៅគោះ ទ្វារបន្ទប់ ព្រោះអស់ម៉ោងស្នាក់នៅ។ ពេលនោះ ស្រាប់តែឃើញ មានឈាមហូរចេញមកតាមទ្វារ ដោយមានការសង្ស័យក៏បានចាក់ សោទ្វារចូលមើលស្រាប់តែឃើញបុរសខាងលើបានដេកស្លាប់ក្នុងថ្លុកឈាមដោយ មានស្នាមអារ.កផងដែរ។
លោកវរសេនីយ៍ឯកសុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថាករណីខាងលើនេះមិនមែនជារឿងឃាតកម្មនោះទេគឺជាករណី ធ្វើអត្តឃាតនិងសង្ស័យជាមនុស្សវិកលចរឹក ព្រោះពេលដែលសមត្ថកិច្ច ធ្វើកោសល្យវិច័យ ប្រទះឃើញថ្នាំ សរសៃប្រសាទ មួយកញ្ចប់ហើយបុរសខាងលើបានយកផ្លែឡាមអារ.កធ្វើអត្តឃាតបណ្ដាលឲ្យស្លាប់។
បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច សពបុរសខាងលើ ត្រូវបានដឹកយកទៅតម្កល់ ទុកនៅវត្តផ្ដាច់ព្រាត់ ដើម្បីស្រាវជ្រាវរកសាច់ញាតិ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា